ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមេដឹកនាំកំពូល អាស៊ានទី២ បន្ទាប់ពីនាយករដ្ឋមន្រ្តីសឹង្ហបុរី លី ស៊ានឡុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ព្រះករុណាព្រះបាទ ភូមិបុលអាឌុលយ៉ាដេត ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ និងបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងសាលមហារាជរាជតំណាក់ ក្នុងទីក្រុងបាងកក កាលពីវេលារសៀលថ្ងៃទី២២តុលា។
នៅចំណតអាកាសយានដ្ឋានទ័ពអាកាស នៃកងភូមិន្ទថៃ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការធ្វើ គារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់លោក Pichet Durongkaveroj រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថៃ លោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូប។
គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ នៅពេលនោះរួមមាន នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការជាតិ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ នាយឧត្តមសេនីយ៍ កែ កឹមយ៉ាង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។
នៅក្រៅព្រះបរមរាជវាំងប្រជារាស្រ្តថៃរាប់សែននាក់ បានឈរជាជួរនិងបានច្រៀននូវចម្រៀងដើម្បីឧទ្ទិសជូន ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ដែលព្រះអង្គយាងសោយទីវង្គត កាលពីថ្ងៃទី១៣តុលាក្នុងព្រះជន្មាយុ៨៨ព្រះវស្សា បន្ទាប់ពីការឆ្លងការនូវការសម្រាក់ព្យាបាល ព្រះរោគអស់រយៈពេលជាច្រើនឆ្នាំមកនោះ។ ក្បូនរថយន្តរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើដំណើរឆ្លងកាត់ ស្រទាប់មហាជនថៃរាប់សែននាក់ ដែលបានឈរច្រៀងនៅខាងក្រៅព្រះបរមរាជវាំង ក្នុងទីក្រុងបាងកក ប្រទេសថៃ។
ដូចគ្នានឹងបណ្តាមេដឹកនាំដទៃទៀតដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្បៃ់រាជរដ្ឋាភិបាលកម្ពុជា បាននាំយកនូវកម្រងផ្កាដែលមានចារឹកអក្សរពណ៌ស នៃការចូលរួមគោរពវិញ្ញាណក្ខន្ធចំពោះព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរា ជាណាចក្រថៃ។ នៅចំពោះមុខព្រះបរមកោដ្ឋ នៃព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាដេត ដែលតម្កល់នៅក្នុង សាលមហារាជតំណាក់ក្នុងព្រះបរមរាជវាំង សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ បានឈរស្មឹងស្មាត និងលើកដៃប្រណម្យរយៈពេល១នាទី នៅចំពោះមុខព្រះបរមកោដ្ឋព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាដេត មុនពេលនៃការអញ្ជើញសរសេរសៀវភៅ និងចុះហត្ថលេខា នៃសៀវភៅមរណភាព របស់ព្រះករុណាព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលរៀបចំឡើងដោយព្រះបរមវាំងរបស់ព្រះរាជាណាចក្រថៃ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ផ្ញើរជូន ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១៣តុលាឆ្នាំ២០១៦ បានគូសបញ្ជាក់នូវអត្ថន័យនិងខ្លឹមសារជាអាទិ៍ថា ការសោយទីវង្គតរបស់ព្រះករុណាព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់បំផុត នៃប្រទេសថៃ និងជាមហាក្សត្រដែលគ្រងរាជសម្បត្តិយូរបំផុត ក្នុងពិ ភពលោក គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្តិទាំងអស់ នៅលើពិភព លោក។ សារលិខិតបានបញ្ជាក់ផងដែរថា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះ ជន្មរបស់ព្រះអង្គ ដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គល របស់ប្រជាជនថៃ។
ព្រះរាជកិច្ចដ៏ភ្លឺស្វាងក្នុងព្រះបរមនាម ជាព្រះមហាក្សត្រ និងព្រះរាជបូជនីយកិច្ចចំពោះជាតិ ប្រកបដោយព្រះរាជបុគ្គលិកលក្ខណៈដ៏វិសេសវិសាលថ្លៃថ្លា របស់ព្រះអង្គ នឹងត្រូវបានប្រជាជនថៃគោរពចងចាំជានិច្ច។ សារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ បន្ថែមថា ស្ថិតក្នុងកាលៈទេសៈមរណៈទុក្ខដ៏ក្រៀមក្រំបំផុតនេះ តាមនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមសំដែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេង នោះ ថ្វាយព្រះមហាក្សត្រីយ៉ានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ដែរថា ព្រះបរមសពព្រះករុណាព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រថៃ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ របស់ប្រជាជនថៃ ក្នុងសាលមហាតំណាក់នៃព្រះរាជវាំងថៃ។ ជាមួយគ្នានេះព្រះបរមរាជវាំងថៃ ក៏បានប្រកាសជាផ្លូវការក្នុងការអនុញ្ញាតឲ្យបណ្តាមេដឹកនាំពិភពលោក ចូលរួមគោ រពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ជាផ្លូវការចាប់ពីថ្ងៃទី២៥តុលាតទៅ។
បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រថៃ នៅសាលមហាតំណាក់ក្នុងព្រះបរមរាជវាំង ក្នុងទីក្រុងបាងកកប្រទេសថៃរួចមក នៅវេលាម៉ោង២និង៤៥នាទីថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរនិវត្តន៍ចាកចេញ ពីទីក្រុង បាងកក ព្រះរាជាណាចក្រថៃ ក្នុងដំណើរមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានទ័ពអាកាសនៃកងភូមិន្ទថៃ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនោះរួមមាន លោក Pichet Durongkaveroj រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថៃ ព្រមទាំងជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូប៕
មតិយោបល់