ព័ត៌មានជាតិ

ពលរដ្ឋរិះគន់ថា មេប៉ុស្តិ៍ព្រែកឫស្សី ខ្សោយ​ចំណាត់ការបង្ក្រាបល្បែងស៊ីសង

កណ្តាលៈ ប្រជាពលរដ្ឋរស់នៅភូមិដីឡូ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ មានការព្រួយបារម្ភស្ទើររាល់ថ្ងៃ ដោយសារនៅក្នុងភូមិសាស្ត្ររបស់ពួកគាត់ សម្បូរល្បែងស៊ីសង បៀរ អាប៉ោង អ្នកកត់កន្ទុយលេខ អ្នកចាក់កន្ទុយលេខ និងអ្នកប្រើប្រាស់គ្រឿងញៀន បើកលេងយ៉ាងរំភើយ គ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខាងលើបានលួចបង្ហើបថា ពាក់ព័ន្ធល្បែងស៊ីសងខាងលើ ពួកគាត់បានផ្តល់ព័ត៌មានទៅលោក ស៊ិន សាវ៉េត មេប៉ុស្តិ៍ដែរ តែលោកគ្រាន់តែឆ្លើយថា “បាទចាំខ្ញុំបង្ក្រាប”។ ប៉ុន្តែប្រជាពលរដ្ឋមិនដែលឃើញសមត្ថកិច្ច សូម្បីតែម្នាក់មកបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានលួចបង្ហើបទៀតថា សព្វថ្ងៃពួកគាត់មានការភិតភយ័ខ្លាំងណាស់ ខ្លាចកើតមានអំពើ ប្លន់ ឆក់ ចែកចាយគ្រឿងញៀន និងអាចឈានទៅកើតអំពើហិង្សា កាប់សម្លាប់គ្នាដោយសារល្បែងស៊ីសង និងប្រើប្រាស់គ្រឿងញៀន។ ពិសេស គឺពួកគាត់ខ្លាចបទល្មើសទាំងនោះ ធ្លាក់មកលើកូនៗរបស់ពួកគាត់ដែលកំពុងតែសិក្សា។

ទាក់ទិននឹងការចោទប្រកាន់ខាងលើលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌិត អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា “លោកបានបញ្ជាទៅមេប៉ុស្តិ៍ជារៀងរហូត ឲ្យចុះបង្ក្រាប តែដូចជាអត់ឃើញបង្ក្រាបសោះ ហើយនៅតែមានកើតឡើងទៀត”៕

photo_2016-10-23_12-57-39

photo_2016-10-23_12-57-27

photo_2016-10-23_12-57-32

photo_2016-10-23_12-57-36

មតិយោបល់