ភ្នំពេញៈ ម៉ូតូកង់បី១គ្រឿងបានបុកគ្នា ជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូនេះដួល ចំណែកម៉ូតូកង់បីបានក្រឡាប់ ធ្លាក់ចូលប្រឡាយទឹក រងការចូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញម៉ូតូកង់បី១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HV-3501 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IW-4914 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីកើតទៅលិច បត់ឆ្វេងឆ្លងផ្លូវក៏បានបុកគ្នាតែម្ដង ។
ប្រភពដដែលបានបន្តថា ខណៈនោះបានបណ្ដាលឲ្យម៉ូតូ ហុងដាឌ្រីមដួលនៅលើផ្លូវ ចំណែកម៉ូតូកង់បី ជ្រុលក្រឡាប់ធ្លាក់ចូលប្រឡាយទឹក ។ ប៉ុន្តែអ្នកបើកបរទាំងសងខាង បានរងរបួសស្រាល ហើយក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះ ។ ហើយឲ្យភាគីទាំងពីរ សម្របសម្រួលគ្នាបញ្ចប់រឿង ដោយសុខចិត្តស្មើគ្នា និងធ្វើការជួសជុលយានយន្ត ដោយខ្លួនឯងរៀងៗខ្លួន ៕
មតិយោបល់