ព័ត៌មានជាតិ

រថយន្ត Range Rover Mini សាកកម្លាំងជាមួយខឿនរង្វង់មូលវត្តភ្នំក្រឡាប់ជាច្រើនជុំ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្ត Range Rover Mini មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនជ្រុលទៅបុកខឿនរង្វង់មូលវត្តភ្នំ បណ្តាលឲ្យក្រឡាប់បីជុំ សំណាងល្អអ្នកបើកបររងរបួសស្រាល ហើយបើកទ្វាររថយន្តចាកចេញទៅបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទី យប់ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្បែររង្វងមូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍បាននិយាយឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Range Rover Mini ពណ៌ស ពាក់លេខ ភ្នំពេញ2R-4777 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកោងរង្វង់មូលវត្តភ្នំ រថយន្តមិនព្រមបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកខឿនវត្តភ្នំ បណ្តាលឲ្យរថយន្តក្រឡាប់បីជុំ រងការខូចខាតយ៉ាងដំណំ ។ភ្លាមៗនោះ អ្នកបើកបររថយន្តដែររងរបួសស្រាលនោះ បានបើកទ្វារថយន្តចុះ គេចខ្លួនទៅបាត់តែម្តង។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌដូនពេញ បានសហការជាមួយ នគរបាលនៃការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តខាងលើ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

https://youtu.be/oyTfdtH4Sac

មតិយោបល់