ភ្នំពេញៈ បន្ទាប់ពីទទួលបានអនុសាសន៍ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បញ្ជាឲ្យមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការលើកិច្ចការប្រមូលពន្ធ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ដូច្នេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជុំស្តីពី ការយកពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិដី និងផ្ទះដែលពុំមានប័ណ្ណកម្មសិទ្ធិ នៅសាលប្រជុំសាលាខណ្ឌដូនពេញ ដែលមានសមាសភាពចូលរួមពី លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ, លោក ឈឹម ឌីណា អភិបាលរងខណ្ឌ, លោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក អ៊ុក សាកល នាយករដ្ឋបាលខណ្ឌ, លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាល, លោក ជឹម សុធី នាយករងរដ្ឋបាល, លោក អោម វុត្ថា ប្រធានការិ.ដនសភ, លោក ឆាយ ជាហេង ប្រធានសាខាពន្ធដាខណ្ឌ, លោក -លោកស្រី ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាល, លោក ប្រធាន-អនុប្រធានការិយាល័យអន្តរវិស័យ និងមន្ត្រី, លោក -លោកស្រី ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ, លោក ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម, លោក ប្រធានការិយាល័យផែនការ, លោក ស្រី ប្រធាន ការិយាល័យប្រជាពលរដ្ឋ, លោក-លោកស្រីចៅសង្កាត់ទាំង១១។
ខ្លឹមសារនៃកិច្ចប្រជុំសំខាន់មាន ២គឺ៖
១. ការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងពុំបានចុះបញ្ជី។ អង្គប្រជុំ បានសំរេចអនុវត្តការបង់ពន្ធប្រថាប់លើការផ្ទេរតាមការណែនាំរបស់ក្រសួង និងបានកំណត់ដំណើរការក្នុងការផ្ទេរសិទ្ធិ ដោយមានការចូលរួមពីខាងភូមិបាលខណ្ឌក្នុងការវាស់វែង, ពន្ធដារខណ្ឌក្នុងការប្រមូលពន្ធ។ យន្តការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦តទៅ។
២. ការបញ្ជាក់លិខិតលក់ផ្តាច់ និងផ្ទេរសិទ្ធិ រដ្ឋបាលខណ្ឌប្រគល់ជូនសង្កាត់ទទួលខុសត្រូវតាមសង្កាត់រៀងខ្លួន និងធ្វើរបាយការណ៍ប្រចាំខែមកខណ្ឌ តាមរយៈរបាយការណ៍រីកចម្រើនរបស់សង្កាត់។
គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានបើកកិច្ចប្រជុំធំមួយជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងរាជធានីភ្នពេញ ដោយក្នុងនោះ សម្ដេចតេជោ បានបញ្ជាទៅអាជ្ញាធរទាំងអស់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបង់ពន្ធឲ្យបានគ្រប់គ្នា សម្តៅពង្រឹងកិច្ចការប្រមូលពន្ធឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ សម្ដេចតេជោ បានដាក់នូវអនុសាសន៍២ចំណុច ដើម្បីអនុវត្តកិច្ចការប្រមូលពន្ធឲ្យមានប្រសិទ្ធភាព រួមមាន៖ «ដាក់ស្មៅក្នុងក្រោលសេះ ដើម្បីឲ្យសេះចូលស៊ីស្មៅ» និង «មិនចាំបាច់ដំឡើងពន្ធទេ គឺត្រូវយកពន្ធឲ្យអស់»៕
មតិយោបល់