ព័ត៌មានសុខភាព

បញ្ហាដែលស្ត្រីមួយចំនួនត្រូវប្រឈម ក្រោយពេលអស់រដូវ

បរទេសៈ អវត្តមាននៃការអស់រដូវរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ បង្ហាញថាសមត្ថភាពបន្តពូជរបស់ស្ត្រីត្រូវបានបញ្ចប់ហើយ។ ដំណាក់កាលនេះគេហៅថា អស់រដូវ ហើយភាគច្រើនស្ត្រីអស់រដូវនៅអាយុ ៥១ ឆ្នាំ។

ស្ត្រីជាច្រើនគិតថា ការអស់រដូវអាចធ្វើឲ្យជីវិតងាយស្រួល ព្រោះពួកគេគ្មានការឈឺចាប់ ហើយមិនចាំបាច់ព្រួបារម្ភចំពោះការទិញផលិតផលអនាម័យផ្សេងៗទៀតដែរ។ ក៏ប៉ុន្តែមានបញ្ហាមួយចំនួន ដែលគ្មាននរណាម្នាក់ប្រាប់អ្នកអំពីការអស់រដូវនេះឡើយ៖

ឡើងទម្ងន់៖ ក្រោយពេលអស់រដូវស្ត្រីអាចឡើងទម្ងន់បន្តិចម្តងៗ បើគិតជាមធ្យមចាប់ពី ១៥ ទៅ ២៥ផោន។

ការឡើងទម្ងន់អំឡុងពេលអស់រដូវ គឺមិនមែនជាសញ្ញាល្អនោះឡើយ ព្រោះវាអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព។ ជាពិសេសវាបង្កើនហានិភ័យនៃជំងឺមហារីកសុដន់, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២។ ហេតុនេះ អ្នកគួរតែរក្សារបៀបរស់នៅឲ្យបានល្អ, ទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានអាហារឲ្យមានតុល្យភាព ដើម្បីជួយទប់ស្កាត់ការឡើងទម្ងន់។

បញ្ហានៃការគេង៖ ក្នុងអំឡុងពេលអស់រដូវ អ័រម៉ូន Progesteron និង estrogen មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តោលឲ្យមានអាការៈក្តៅខ្លួននៅពេលយប់ និងរំខាន់ដល់ការគេង។

ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចងូតទឹកក្តៅឧណ្ឌៗចំនួន ២០ ទៅ ៣០នាទី មុនពេលចូលគេង។

ប្រែប្រួលអារម្មណ៍ញឹកញាប់៖ ការប្រែប្រួលនៃអ័រម៉ូនក្នុងពេលអស់រដូវ អាចនាំឲ្យមានការផ្លាស់ប្តូរសារធាតុគីមីក្នុងខួរក្បាល ដែលធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្តកើតឡើង។

ជំងឺធ្លាក់ទឹកចិត្តមិនបង្ហាញក្រោយពេលអស់រដូវភ្លាមៗនោះទេ តែវានឹងកើតឡើងបន្តិចម្តងៗក្រោយពេលអស់រដូវ។
ទោះជាយ៉ាងណា ដើម្បីកាត់បន្ថយបញ្ហានេះអ្នកត្រូវព្យាយាមអនុវត្ត ការដកដង្ហើមឲ្យជ្រៅមួយៗ, អង្គុយសមាធិ, ទទួលទានរបបអាហារដែលមានសុខភាពល្អ, គេងឲ្យបានត្រឹមត្រូវ។

ខូចឆ្អឹង៖ ការបាក់ឆ្អឹង និងពុកឆ្អឹង តែងតែកើតមានចំពោះស្ត្រីអាយុជាង ៥០ឆ្នាំ។ តែតាមពិតក្រោយវ័យ ៣៥ឆ្នាំ ម៉ាសឆ្អឹងនឹងចាប់ផ្តើមបាត់បង់បន្តិចម្តងៗ ដែលអាចរួមចំណែកដល់បញ្ហាពុកឆ្អឹង, បណ្តោលឲ្យឆ្អឹងមានភាពផុយស្រួយ និងងាយបាក់។

ម្យ៉ាងទៀតក្រោយពេលអស់រដូវ ស្បូននឹងឈប់ផលិតអ័រម៉ូន estrogen ធ្វើឲ្យភាពរឹងមាំនៃឆ្អឹងចុះខ្សោយ។ កត្តានេះហើយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពឆ្អឹង ហើយឆ្អឹងឆាប់ខូចបំផុត៕

no-one-tells-menopause

មតិយោបល់