បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក ចាប សុផាឫទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាព Post News នៅមុននេះបន្តិចឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងនគរបាលជំនាញធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានបក្ខពួកមេក្លោងជួញដូរគ្រឿងញៀន ដែលជាជនជាតិថៃម្នាក់ទៀតហើយ នៅចំណុចភូមិបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមេក្លោងដ៏ធំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងខេត្តព្រះវិហារ កាលពីពេលកន្លងមក។
លោក ស្នងការរង បានបញ្ជាក់បន្ថែមថា ជនសង្ស័យជាបក្ខពួកដែលសមត្ថកិច្ចបង្ក្រាបបាននាពេលនេះ មានឈ្មោះ ឆ ពិឆិតឆៃ អាយុ៥៣ឆ្នាំ មានទីលំនៅខេត្តស្រះកែវប្រទេសថៃ ហើយមានការជាប់ពាក់ពន្ធ័នឹងមុខសញ្ញាមេក្លោងជួញដូរ ឈ្មោះ គង់ វិច អាយុ៣២ឆ្នាំ ដែលបានចាប់ខ្លួននៅខេត្តព្រះវិហារ ដកហូតបានគ្រឿងញៀនបានជិត១៥ម៉ឺនគ្រាប់។
លោកបន្តថា ជនសង្ស័យឈ្មោះ ឆ ពិឆិតឆៃ នេះគឺជាអ្នកទទួលបន្តពីឈ្មោះ គង់ វិច យកចូលទៅឲ្យថៅកែថៃ។ ការចាប់ខ្លួនដែរគឺយោងតាមការឆ្លើយបំភ្លឺរបស់ គង់ វិច ដោយបានការសហការ ពីមន្ត្រីនគរបាលជំនាញនៃខេត្តព្រះវិហារ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តចាត់ការនិងផ្តន្ទាទោសតាមផ្លូវច្បាប់៕
https://youtu.be/5bGN3sWELLU
មតិយោបល់