ព័ត៌មានជាតិ

តុលាការនឹងបន្តចំណាត់ការលើសំណុំរឿងរបស់លោក ធន សារ៉ាយ ប្រធានអង្គការអាដហុក

ភ្នំពេញៈ បើទោះជាលោក ធន សារាយ ជាប្រធានសមាគមអាដហុក មិនបានចូលខ្លួនតាមដីកាកោះហៅរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ក៏ដោយ តុលាការនៅតែបន្តនីតិវិធីលើសំណុំរឿងនេះបន្តទៀត។

នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ លោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា« លោកចៅក្រមសើបសួរនឹងបន្តចំណាត់ការស៊ើបសួរលើសំណុំរឿងនេះបន្តទៀត ខណៈដែលលោក ធន់ សារ៉ាយ មិនចូលឆ្លើយតាមកាលបរិច្ឆេទកោះហៅ»។

យោងតាមដីកាកោះចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ធន សារ៉ាយ ក្នុងឋានៈជា សាក្សី ដើម្បីបំភ្លឺអំពីដំណើររឿង សូកប៉ាន់សាក្សី (កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា ដល់ ខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា យ៉ាងហោចណាស់មានមន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប សរុបចំនួន ៥រូបរួមមានទី១ឈ្មោះ នី សុខា ទី២ឈ្មោះ ណៃ វ៉ង់ដា ទី៣ ឈ្មោះ យី សុខសាន្ត ទី៤ឈ្មោះ លឹម មុនី និងទី៥ឈ្មោះ នី ចរិយា ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីជនជាប់ចោទទាំង៥រូបនេះ ត្រូវបានលោកគុជ គីមឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី (កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ) និងបទ សមគំនិតក្នុងអំពើសូកប៉ានសាក្សី
យោងតាមមាត្រា ៥៤៨ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ៕

លោក ធន សារ៉ាយ លោក ធន សារ៉ាយ

មតិយោបល់