បន្ទាប់ពីមានម្ខាស់គណនី Chea Songheang បានបង្ហោះរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងភិន សុដាលីសឡើងផ្អើលមហាជន លោកអ៉ិន បានអះអាងថាលោក និងគ្រួសារមិនភ្ញាក់ផ្អើលនោះទេ ដោយសារតែរឿងរ៉ាវនោះ វាមានលក្ខណៈច្រំដែល។
លោកអស់សំណើច នឹងអ្វីដែលបានប្រឌិតឡើង និងថាលោកប៉ែន ចំរ៉ុង និងក្រុមបក្ខពួកគឺដល់នាទីទ័លច្រកហើយ ទើបប្រើគណនីខ្មោច ដើម្បីលាងខ្លួន។
លោកអ៉ិន និយាយថា បើប៉ែន ចំរ៉ុង ចិត្តសឿង ហើយអ្វីដែលបានបង្ហោះឡើងដោយគណនីក្លែងក្លាយមានការពិត តើហេតុអ្វីមិនចេញមកបកអាក្រាតដោយផ្ទាល់មាត់ ដើម្បីឲ្យមហាជនបានអស់ចម្ងល់ និងទុកចិត្តផង។ លោកថា ការចោទថា លោក និង អតីតគូដណ្ដឹងភិន សុដាលីស មានជាប់ចំណងស្នេហាខុសភេទនឹងគ្នា បានកើតឡើងយូរហើយ គឺតាំងពីលោក និងគ្រួសារផ្ដល់ក្ដីអាណិតដល់គេ ក្រោយពេលកូនស្រីរបស់លោកសុំផ្ដាច់ពាក្យនោះម្ល៉េះ។
លោកថាមិនភ្ញាក់ផ្អើលទេ ចំពោះពាក្យចចាមអារ៉ាម ដែលគ្មានការពិតនោះ។ លោកបានស្បថថាខ្លួន មិនធ្វើរឿងស្មោគគ្រោកដូចអ្វីដែលបានបង្ហោះរបស់ម្ចាស់គណនី Che Songheang នោះឡើយ។ លោកថាម្ចាស់គណនីមួយនេះ ជាឈ្មោះខ្មោចស្ថិតក្នុងបក្ខពួករបស់លោកប៉ែន ចំរ៉ុង ដែលក្រៅពីប្រឹងប្រឌិតរឿង ដើម្បីលាងភាពជួរជាតិរបស់លោក ប៉ែន ចំរ៉ុង ក្រោយបោកកូនស្រីលោកមិនបានទ្រព្យ ក៍ប្រឹងបង្ខូចឈ្មោះកូនស្រីរបស់លោក ដើម្បីបង្ហាញមហាជនថា ទង្វើថោកទាបរបស់ខ្លួនរឿងបំផ្លាញអនាគតនារីម្នាក់ គឺជារឿងត្រឹមត្រូវ។ លោកទទួលស្គាល់ថា ភិន សុដាលីស ឆេវឆាវ ប៉ុន្ដែមិនហួសហេតុដល់ថ្នាក់ ចាក់ពោះខ្លួនឯង ឬ ចង់សម្លាប់ខ្លួន និងកូនក្នុងផ្ទៃ ដើម្បីនៅពេលមួរម៉ៅនោះឡើយ។
លោកសួរបញ្ច្រាសមកវិញថា បើលោកប៉ែន ចំរ៉ុង មិនបានធ្វើបាបដាលីស និងផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធរបសខ្លួន តើវាអាចនោះទេ ដែលនារីចុះចេញពីផ្ទះ ហើយគ្មានទីពឹងពីគ្រួសារម្នាក់ ទៅហ៑ានធ្វើចរឹកច្រងេងច្រងាងនៅក្នុងគ្រួសាររបស់គេ។ លោកថា បើដាលីសបានធ្វើទង្វើដូចអ្វីដែលបានប្រឌិតមែន នោះគឺមានន័យថា នាងបានទទួលទង្វើជាន់ឈ្លី ប្រមាថមើលងាយ និងការធ្វើបាប ពីប៉ែន ចំរ៉ុង ដល់កម្រិតសរសៃប្រសាទហើយ ដែលលោកប៉ែន ចំរ៉ុង គួរតែដឹងថាខ្លួនឯង បានធ្វើអ្វីខ្លះ ក្រោយពេលលួងលោម ឲ្យកូនស្រីរបស់លោក ចុះអេតាស៊ីវិលជាមួយ ដើម្បីគេចពីបណ្ដឹងពីបទចាប់ពង្រត់ពីលោកនោះ។
លោកថាប៉ែន ចំរ៉ុង បានប្រើអំពើហិង្សាលើកូនស្រីរបស់លោកជាច្រើនលើក ហើយបើនិយាយពីការមើលងាយ និងការធ្វើបាបផ្លូវចិត្តគឺមានរាប់មិនអស់ ទើបធ្វើឲ្យលោកជាឪពុកបានដឹងហើយឈឺជំនួស។ លោកថាគណនីខ្មោច ដែលលោកចោទថាធ្វើឡើងដោយចំរ៉ុង ប្រឌិតមិនសមត្រង់រឿងថាដាលីស បានប្រច័ណ្ឌ និងធ្វើហួសហេតុដាក់ចំរ៉ុង ខណៈដែលនាងនៅក្នុងពេលនោះ គឺសឹងតែចំរ៉ុង បញ្ជាឲ្យសម្លាប់រូបលោកជាឪពុកក៍សឹងនឹងមិនខ្លាច។ លោកថាបើអ្វីដែលម្ចាស់គណនីខ្មោចលើកឡើងមានការការពិត លោកប៉ែន ចំរ៉ុង ឬ សមាជិកគ្រួសាររបស់ប៉ែន ចំរ៉ុង គួរតែចេញមុខ មកអះអាងបន្ថែម មិនមែនលិបក្បាល ហើយបន្តព្រលយថាសុខចិត្តខូចឈ្មោះ ដើម្បីទុកមុខឲ្យគូជម្លោះនោះទេ។
លោកអ៉ិន បន្តថាក្រោយឃើញការបំផ្លើសដោយគ្មានការពិតពីសំណាក់ឈ្មោះខ្មោច ភិន សុដាលីស អស់សំណើចយ៉ាងខ្លាំង ហើយក៍កាន់តែស្អប់ ប៉ែន ចំរ៉ុង ខ្លាំងឡើង។ លោកថា ដាលីស សារភាពថាប្រច័ណ្ឌច្រើនមុនពេលបែកគ្នា តែប៉ែន ចំរ៉ុង គួរតែដឹងថាខ្លួនឯងបានប្រើសម្ដីអ្វីខ្លះ ពាក់ព័ន្ធអ្នកណាខ្លះភូតកុហកនាង និងបានប្រើល្បិច១០០ជំពូកកម្រិតណាធ្វើឲ្យនាងឆ្អែតចិត្ត ទើបបណ្ដាលឲ្យនាងកើតអារម្មណ៍ប្រច័ណ្ឌនៅក្នុងពេលនោះដ។
លោកនៅតែពាក្យមួយម៉ាត់ថា ដាលីសហ៑ានធ្វើហួសហេតុដាក់លោក តែខ្លាចចំរ៉ុង ដូចខ្លា ដោយសារតែនាងស្រលាញ់ងប់លែងស្គាល់ល្អអាក្រក់ ដោយមិនជឿរឿងចានហោះចានហើរ និងរឿងប្រឌិតឆ្កួតៗជាច្រើន ដូចអ្វីដែលបានបង្ខូចឡើយ។ លោកប្រើពាក្យមួយម៉ាត់ថា បើកូនលោករោគចិត្តដូចអ្វីដែលបានលើកឡើង នោះប៉ែន ចំរ៉ុង គួរតែដឹងច្បាស់ហើយថា ខ្លួនឯងបានបញ្ចេញទង្វើថោកទាបអ្វីខ្លះ ទើបធ្វើឲ្យភិន សុដាលីស ឈានទៅកើតអារម្មណ៍ចង់ស្លាប់បែបនោះ។
លោកបន្តថាចំរ៉ុង ឈានដល់ផ្លូវទ័ល បន្ទាប់ពីចង់បោកកូនលោកយកលេង លុះដល់ពេលមានរឿងមានរ៉ាវក៍ប្រឹងលួងលោមបានចុះអេតាស៊ីវិល ដើម្បី គេចពីបណ្ដឹងផ្លូវច្បាប់រឿងចាប់ពង្រត់ ហើយដល់ពេលដាលីសនៅសល់តែខ្លួន ឪពុកម្ដាយអត់ទទួលស្គាល់ ក៍ធ្វើបាបនាងចង់ឆ្កួត និងរកផ្លូវលែងនាង ដើម្បីមានឱកាសដើរបោកមនុស្សផ្សេងទៀត។ លោកថាខ្លួនមានសាក្សីពីរឿង ចំរ៉ុង ប្រើអំពើហិង្សាលើដាលីស ជាពិសេសគឺក្នុងពេលដែលនាងពរពោះ ដោយសារតែប៉ែន ចំរ៉ុង មិនចង់ឲ្យទុកកូន៕
មតិយោបល់