កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទរក្សាទុក ដឹកជញ្ជូនចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀននៅជាប់នឹងខ្លួន។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទី យប់ថៃ្ងទី២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចជិតហាង ខារ៉ាអូនខេ ត្រជាក់ចិត្តចាស់ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
អាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ លី ខែមរ៉ា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងនោះដែរ វត្ថុតាងដែលកម្លាំងដកហូតបានរួមមាន គ្រឿងញៀនចំនួន៥កញ្ចប់តូច។ ចំណែកជនសង្ស័យទី២មានឈ្មោះ សា ម៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងនោះដែរ វត្ថុតាងដកហូតមានគ្រឿងញៀនចំនួន៨កញ្ចប់តូច និងមួយកញ្ចប់ធំ រួមនិងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត។
កម្លាំងអាវុធហត្ថបានបន្តថា មុនដំបូងឡើងកម្លាំងធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀនចំនួន៥កញ្ចប់តូច យកមកធ្វើការសាកសួរ ក្រោយពីការសាកសួររួចមក ជនសង្ស័យខាងលើនេះបានសារភាពថា គ្រឿងញៀននេះខ្លួនបានទិញពីមេគេម្នាក់ទៀតឈ្មោះ សាក់ គាត់បានជួលបន្ទប់ដេកនៅផ្ទះសំណាក់ សុខា នៅបន្ទប់លេខ១០២ ក្រោយពីធ្វើការសាកសួរហើយ កម្លាំងស្រាវជ្រាវ អាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោក វរៈសេនីយ៍ ត្រី ហៀង ចន្ធី មេបញ្ជាការ ហើយបានរាយការណ៍ តាម ថាណានុក្រម ធ្វើការចុះបង្រ្កាបមុខសញ្ញាភ្លាមៗ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតដកហូតបានថ្នាំញៀន ចំនួន៨កញ្ចប់តូច និងមួយកញ្ចប់ធំ រួមនិងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនខ្លួនទៅកាន់ ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់