កំពង់ឆ្នាំងៈ នៅក្នុងថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០១៦ មន្ត្រីបសុពេទ្យខេត្ត បានចុះចាក់ថ្នាំ សត្វគោ ក្របី ក្នុងភូមិត្របែកនិងភូមិអណ្តូងរនុក ក្នុងឃុំត្រងិល ស្រុកកំពង់លែង បានចំនួន៧៩២ក្បាល ក្នុងនោះមានសត្វគោ៧៥២ក្បាល និងក្របី៤០ក្បាលព្រមទាំងបានបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងគោ ក្របីបានចំនួន៣៩កន្លែង គឺក្រោយពីលេចឮថាមានសត្វគោ៣ក្បាលនៅភូមិត្របែក បានងាប់ដោយសារជំងឺនេះ។
លោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យបសុព្យាបាលខេត្ត បាននិយាយថា ជំងឺសារទឹកជាជំងឺដ៏កំណាច ដែលបានកើតលើសត្វគោ ក្របី បើគ្មានការជួយទាន់ពេលទេ វានឹងងាប់ភ្លាម តែក្នុងរយៈពេល ៣ឬ៤ម៉ោងប៉ុណ្ណោះ ហេតុនេះហើយទើបមន្ត្រីពេទ្យខេត្តបានចុះមកចាក់ថ្នាំការពារសត្វគោក្របីនៅថ្ងៃនេះ និងអំពាវនាវឲ្យប្រជាពលរដ្ឋយកគោក្របី មកចាក់ថ្នាំការពារជំងឺនេះឲ្យទាន់ពេលវេលា។ ជំងឺសារទឹកនេះបើកើត លើគោក្របីណាហើយ តែ៣ទៅ៤ម៉ោងក្រោយវាតឹងពោះងាប់ភ្លាមៗ ។
លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រញាប់យកគោក្របី មកចាក់ថ្នាំឲ្យទាន់ពេលវេលា ព្រោះពេលនេះមន្ត្រីពេទ្យសត្វខេត្តកំពុងចុះជួយចាក់ថាំ្នការពារជំងឺប្រភេទនេះគ្រប់ភូមិ នៅក្នុងស្រុកកំពង់លែង ដើម្បីទប់ស្កាត់កុំឲ្យគោក្របីងាប់ដោយសារមានជំងឺកំណាចនេះ។ ដោយឡែកនៅក្នុងមូលដ្ឋានផ្សេងៗទៀត ប្រសិនបើមានគោក្របីមានជំងឺនេះឬជំងឺផ្សេងៗទៀតសូមប្រញាប់រាយការណ៍មកការិយាល័យបសុពេទ្យខេត្តឲ្យបានទាន់ពេលវេលា ដើម្បីចាត់មន្ត្រីយើងឲ្យចុះមកចាក់ថ្នាំការពារជំងឺដល់សត្វឲ្យបានទាន់ពេលវេលា។
លោក ប៉ុល សុខុម ជាប្រជាពលរដ្ឋភូមិអណ្តូងរនុក បាននិយាយថា រូបគាត់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិជាម្ចាស់ គោ ក្របី មានទឹកចិត្តសប្បាយរីករាយណាស់ ពេលឃើញមន្ត្រីពេទ្យសត្វខេត្ត ចុះមកចាក់ថ្នាំសត្វគោក្របី និងបាញ់ថ្នាំសម្លាប់មេរោគតាមក្រោល និងទ្រុងសត្វគោក្របីរបស់ពួកគាត់ទាន់ពេលវេលាបែបនេះកុំឲ្យឈឺងាប់ ព្រោះថាកន្លងទៅថ្មីៗនេះ នៅក្នុងភូមិត្របែក ឃុំត្រងិល មានសត្វគោងាប់អស់៣ក្បាលដោយជំងឺសារទឹកនេះ៕
មតិយោបល់