បាត់ដំបងៈ បុរសម្នាក់ ជាជនរងគ្រោះ បានត្រឡប់មកពីក្រៅវិញ ហើយស្រែកហៅប្រពន្ធឲ្យបើកទ្វារ ស្រាប់តែត្រូវគេចាក់ ធ្លាយពោះរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៦ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ម៉ុក សុផល្លា ភេទប្រុស អាយុ៣២ឆ្នាំ បានមកឈរស្រែកហៅភរិយាឲ្យបើកទ្វារដោយមិនបានដឹងថា ជនសង្ស័យឈ្មោះ ម៉ុក កោសិល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើកំពុងពួនសំងំនៅក្បែរទីនោះឡើយ ពេលនោះស្រាប់តែជនសង្ស័យដែលជាមនុស្សកើតរោគសរសៃប្រសាទ បានលោតមកចាក់ខ្លួនមួយកាំបិត ត្រូវចំក្បាលពោះបណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ដោយឡែកជនបង្ក មិនបានរត់គេចទៅណានោះទេ ដោយគេបានរត់ចូលទៅពួនក្រោមគ្រែទាំងមានសភាពញ័រ និងភ័យខ្លាច។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅកាន់ទីតាំងខាងលើ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យនាំយកមកកាន់អធិការដ្ឋាន ដោយឡែកជនរងគ្រោះក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះផងដែរ៕
មតិយោបល់