ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនជនជាប់ចោទ២នាក់ ពាក់ព័ន្ធរឿងឃាតកម្មយកសពទម្លាក់ក្នុងឡាយទឹក

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ តុលាការបានសម្រេចឃុំខ្លួនប្រពន្ធ និងបុរសម្នាក់ជាជនដៃដល់ ដែលបានរួមគំនិតគ្នាសម្លាប់ បុរសជាប្តីយកសពទៅចោលនៅក្នុងទឹកប្រឡាយទឹកក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្នហើយ។

ជនជាប់ចោទទី១ឈ្មោះ សៅ សំអឿន ភេទស្រី អាយុ៤៦ឆ្នាំ ជាប្រពន្ធដើមជនរងគ្រោះ និងទី២ ឈ្មោះ សូ ផា ហៅអ៊ួក ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

ចំណែកជនរងគ្រោះឈ្មោះ កៅ ផា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ បើកបររថយន្តឈ្មួល រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យលើឯកសារសំណុំរឿងរួមទាំងភស្តុតាងនានា លោកស្រី សឺ វណ្ណនី តំណាងអយ្យការ បានសម្រេចចោទប្រកាន់ឈ្មោះ សូ ផា ហៅ អ៊ួក ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងឈ្មោះ សៅ សំអឿន ពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រ ២៩ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សពជនរងគ្រោះត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅក្នុងទឹកប្រឡាយក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។

គួរបញ្ជាក់ថា ដើមចមដែលនាំឲ្យជនជាប់ចោទ ឈ្មោះ សៅ សំអឿន ជាប្រពន្ធដើមបានជួលជនជាប់ចោទឈ្មោះ សូ ផា ហៅ អ៊ួក ឲ្យសម្លាប់ក្នុង តម្លៃ១០០០ដុល្លារ នោះគឺកើតចេញពីស្នេហាត្រីកោន ព្រោះជនរងគ្រោះលួចមានប្រពន្ធចុង៕

តុលាការសម្រេចទោស

https://youtu.be/z9F5J56S5F4

មតិយោបល់