បន្ទាយមានជ័យៈ ជាថ្មីម្តងទៀតហើយ តូបលក់ដូររបស់អាជីវករខ្មែរ ក្នុងផ្សាររ៉ុង ក្លឿកាលពីវេលាទៀបភ្លឺថ្ងៃទី២៥ តុលា ២០១៦នេះ ត្រូវបានអគ្គិភ័យឆាប់ឆេះ អស់ចំនួន៤តូប។
លោក វួច អូន ប្រធានគណៈកម្មាការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពិតជាមានអគ្គិភ័យឆេះ តូបលក់ដូររបស់អាជីវករខ្មែរពិតមែន ដោយតូបដែលឆេះនោះ គឺតូបលក់ខោអាវ និងភួយស្ថិតនៅខាងជើងធនាគារថៃផានិត ជាប់និងអូរព្រំដែនថៃ/កម្ពុជាឈមនិងមុខកាស៊ីណូក្រោន នៃភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រហែល១០០ម៉ែត្រ។
លោកបន្តទៀតថា តាមរបាយការណ៍ដែលលោកទទួលបានមូលហេតុ ដែលឆេះ គឺបណ្តាលមកចរន្តអគ្គិសនីខ្សែភ្លើង។ ចំពោះការខូចខាត ដោយភ្លើងឆេះនេះ មិនទាន់កំណត់បានថា អស់ប៉ុន្មាននោះទេ។
សូមបញ្ជក់ថា បច្ចុប្បន្ន ការលក់ដូររបស់អាជីវករខ្មែរក្នុងផ្សាររ៉ុងក្លឿកំពុងជួបបញ្ហាលក់មិនដាច់ហើយតម្លៃតូបក៏ថ្លៃខ្ពស់ ដល់ខែត្រូវតម្រួតថៃចុះចាប់ទំនិញជាញឹកញាប់ ហើយត្រូវភ្លើងឆេះថែមទៀត ម្តងអស់រាប់សិបម៉ឺនបាត៕
មតិយោបល់