នៅក្នុងប្រទេសចិន ការងារត្រឹមតែ ១កន្លែងប៉ុណ្ណោះ បានទាក់ទាញបេក្ខជនរហូតដល់ជាង ១ម៉ឺននាក់ ឲ្យដាក់ពាក្យសុំ ដែលមនុស្សភាគច្រើនគិតថា គឺជាការងារក្នុងក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack MA តែជាក់ស្តែង ការងារនោះគឺ ត្រឹមតែជា បុគ្គលិកការិយាល័យដ៏សាមញ្ញបំផុត នៅក្នុងគណបក្សនយោបាយមួយប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការងារនៅក្នុងសង្គមរាជរដ្ឋាភិបាលចិន ត្រូវបានគេចាត់ទុកជា «ឆ្នាំងបាយមាស» និងទាក់ទាញបំផុត ដោយសារតែប្រាក់ចំណូលទៀងទាត់ និងមានអត្ថប្រយោជន៍ច្រើន ហើយនៅក្នុងឆ្នាំនេះ មានបេក្ខជនជាង ១លាននាក់ បានដាក់ពាក្យស្នើសុំប្រលងចូល។
បេក្ខជនជាច្រើនពាន់នាក់ ត្រូវការប្រកួតប្រជែងខ្លាំង ដោយសារលក្ខខណ្ឌដែលអាចដាក់ពាក្យបាន គឺទាមទារត្រឹម បញ្ចប់ថ្នាក់បរិញ្ញាបត្រ និងមានបទពិសោធន៍ការងារ ២ឆ្នាំ។
យ៉ាងណាមិញ បេក្ខជនទាំងនោះ មិនប្រាកដថា សប្បាយចិត្តនឹងកាតព្វកិច្ចការងារនោះទេ ដោយសារតែការងារនោះ គឺអាចត្រឹមតែជា អ្នកទទួលភ្ញៀវ រៀបចំប្រជុំ រៀបចំព្រឹត្តិការណ៍តូចៗជាដើម ដែលមានឱកាសតិចតួចក្នុងការអភិវឌ្ឍន៍ខ្លួនឯង។
ភ្នាក់ងារសារព័ត៌មាន Xinhua បានបង្ហាញថា កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ ការងារជិត ៤០០កន្លែង មិនទាក់ទាញបេក្ខជនបានម្នាក់សោះ ដោយសារតែការងារទាំងនោះ មានលក្ខខណ្ឌទាមទារខ្ពស់ ឬអាចនៅឆ្ងាយពីផ្ទះពេក។
ចំនែកឯនៅប្រទេសឥណ្ឌាវិញ កាលពីឆ្នាំ ២០១៥ មានបេក្ខជន ២.៣លាននាក់ ដាក់ពាក្យសុំការងារត្រឹមតែ ៣៦៨កន្លែងប៉ុណ្ណោះ ដែលពិភពលោកគិតថា វាជាការងារដ៏ទាក់ទាញបំផុត តែការពិត គឺការងារជាអ្នករត់តុ និងអ្នកយាមប៉ុណ្ណោះ។
មន្ត្រីផ្នែករើសបុគ្គលិក បានលើកឡើងថា ប្រសិនបើពួកគេ យល់ព្រមសម្ភាសគ្រប់បេក្ខជនទាំងអស់ នោះការងាររើសបុគ្គលិកនេះ នឹងចំណាយពេល ៤ឆ្នាំទើបចប់៕

មតិយោបល់