បន្ទាយមានជ័យៈ លោក ង៉ោមេង ជ្រួន អភិបាលក្រុងប៉ោយប៉ែត នឹងកោះប្រជុំគណៈបញ្ជាការឯកភាពក្រុង អំពីរឿងក្រុមហ៊ុនស៊ីម៉ង់ត៍អូដ្ឋបង្កឲ្យមានធូលីហុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងដាក់ផែនការឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការដោះស្រាយ ដោយអញ្ជើញខាងក្រុមហ៊ុនមកពិភាក្សាពីបញ្ហាផលប៉ះពាល់មួយនេះ។
លោក បានបន្ថែមថា ដោយឃ្លាំងស៊ីម៉ង់ត៍ខាងលើ ក៏ដូចជាឃ្លាំងផ្សេងៗ ទៀតនៅទីប្រជុំជនក្រុងអាជ្ញាធរ កំពុងជំរុញផ្លូវវាងក្រុងដើម្បីឲ្យឃ្លាំងទាំងនោះ ទៅនៅតាមផ្លូវដែលមិនមានពលរដ្ឋរស់នៅ។
ការលើកឡើងខាងលើ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការហ៊ុយធូលីស៊ីម៉ងត៍របស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ បានប្រតិកម្មកាលពីកន្លងទៅឲ្យអាជ្ញាធរជួយដោះស្រាយព្រោះថា ពេលក្រុមហ៊ុន ធ្វើការផ្ទេរស៊ីម៉ងត៍ ពីរថយន្តថៃដាក់ចូលឃ្លាំង ឬចែកចាយបន្តជាពិសេសការផ្ទេរពីការុងតូចធំ ចាក់ចូលក្នុងស៊ីទែនរថយន្ត ធ្វើឲ្យស៊ីម៉ង់ត៍ហុយ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ជាមួយ នឹងចំណាត់ការនេះ ប្រជាពលរដ្ឋ ដែលមានទីលំនៅចំពីមុខក្រុមហ៊ុនស៊ីម៉ងត៍ខាងលើ បានលើកឡើងថា ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ បានបង្កផលប៉ះពាល់លើការរស់របស់ពលរដ្ឋច្រើនឆ្នាំមកហើយ ជាពិសេសកូនតូចៗ របស់ពួកគាត់តែងកើតមាននៅជំងឺផ្លូវដង្ហើម និងសួតដោយសារតែក្រុមហ៊ុនបានធ្វើការផ្ទេរស៊ីម៉ងត៍ ពីការរុងចាក់ចូលក្នុងស៊ីទែនរថយន្តនៅខាងមុខក្រុមហ៊ុនជាប់នឹងផ្លូវជាតិលុះពេលខ្យល់បក់មកក៏ហុយមកលើផ្ទះពួកគាត់។
ពលរដ្ឋរូបនេះ បានបន្តទៀតថា វាមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅរបស់គាត់ និងកូននោះទេ វាក៏បង្កប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមរថយន្តមកឈប់ចតម្តងម្កាល នៅនឹងក្រុមហ៊ុនទេសចរណ៍ហង្សទេព។
ដោយឡែកខាងមន្ទីរសម្រាកព្យាបាល និងសង្គ្រោះហង្សទេព ដែលមានទីតាំងស្ថិតនៅខាងមុខនោះសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ធូលីស៊ីម៉ងត៍ដែលហុយចេញពីក្រុមហ៊ុនខាងលើ ពិតជាបង្កផលប៉ះពាល់ដល់សុខភាពអ្នករស់នៅជិតខាងមែនព្រោះថា មិនថាតែកុមារនោះ ដែលមកព្យាបាលនៅមន្ទីរសំរាកព្យាបាលហង្សទេពសូមបីតែកម្មករនៅក្រុមហ៊ុននោះផ្ទាល់ក៏មកព្យាបាលដែលដោយភាគច្រើនមានបញ្ហាសុខភាពលើផ្លូវដង្ហើម និងសួត។
ទាក់ទងនឹងបញ្ហានេះ លោក គឿន ដែលគេស្គាល់ថាជាPMលើផ្ទៃប្រទេស និងជាមេការក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋទីតាំងខាងលើ បានឲ្យដឹងតាមទូរសព្ទថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនជាមួយនឹងក្រុមហ៊ុនជីពម៉ុង និងក្រុមហ៊ុនស្រាបៀរកម្ពុជា មានច្បាប់ត្រឹមត្រូវបង្កើតឡើង១០ឆ្នាំ មកហើយដោយ នាំចូលស៊ីម៉ងត៍គ្រប់គ្រងដោយប្រព័ន្ធនាំចូលត្រឹមត្រូវមិនមានផលប៉ះពាល់អ្វីលើពលរដ្ឋឡើយ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានឲ្យភ្នាក់ងាររបស់យើងពិនិត្យមើលដោយផ្ទាល់ទៅ អ្នកប្រតិកម្មចេះតែប្រតិកម្មវាមិនមានអ្វីប៉ះពាល់ឡើយ៕







មតិយោបល់