មណ្ឌលគិរីៈ ប្រជាសហគមន៍ រ៉ែ មាស ក្នុងភូមិ ពូទុង ឃុំ ចុងផ្លាស់ ស្រុក កែវសីមា ជាង៥០០នាក់ នាំគ្នាផ្តិតមេដៃស្នើសុំ កិច្ចអន្តរាគមន៍ ពីរាជរដ្ឋាភិបាល ដើម្បីឲ្យជួយពួកគាត់ អាចប្រកបរបរ ជីករករ៉ែតាម គ្រួសារជាធម្មតា ខណៈប្រជាជនក្នុង តំបន់ខាងលើ គឺពឹងផ្អែកទាំងស្រុងទៅលើ មុខរបរជីកមាសដោយសារស្ថានភាពដីនៅទីនោះមិនអាចបង្កបង្កើនផលដំណាំបាន។
ក្នុងលិខិតដែលក្រុមសហគមន៍សិប្បកម្មរ៉ែ មាស បានស្នើសុំ រួមជាមួយស្នាមមេដៃ ចំនួន៥២៧ នាក់ បានឲ្យដឹងថា តំបន់ សហគមន៍ រ៉ែ មាស ចុង ផ្លាស់ ជាតំបន់ដែលពួកខ្ញុំរស់នៅ និង ប្រកបមុខរបរ ធ្វើ រ៉ែមាស តាមបែបបុរាណលក្ខណៈគ្រួសារ តាំងពីឆ្នាំ ១៩៨៨ មកម្លេះ។
សេចក្តីក្នុងលិខិតបានបន្តថា រហូតដល់ឆ្នាំ ២០១៥ ទើបក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ឋ ស្របច្បាប់លើការធ្វើអាជីវកម្ម រ៉ែ មាស ( ទ្រង់ទ្រាយ តូច ) ដល់សហគមន៍ សិប្បកររ៉ែ ចុងផ្លាស់យើងខ្ញុំដោយកំណត់ជម្រៅមិនឲ្យលើសពី ២០ម៉ែត្រ។ ប៉ុន្តែ រយៈពេលមួយឆ្នាំ ជាងមកនេះ ក្រោយពីពួកយើងខ្ញុំ អនុវត្តន៍តាមការកំណត់ ជម្រៅមិនឲ្យលើស ២០ម៉ែត្រ គឺពុំទទួលបាន ទិន្នផលរ៉ែនោះទេ។
លោក សាន់ ដារិទ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានឲ្យដឹងថាដើម្បី គ្រប់គ្រង ការធ្វើ អាជីវកម្ម រ៉ែ មាស បែប អនាធិបតេយ្យ ក្រសួងសម្រេចឲ្យមន្ទីររៀបចំចងក្រងជាសហគមន៍សិប្បករ រ៉ែមាស ដើម្បីមានភាពងាយស្រួល ដល់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកបរបរ រក រ៉ែបានស្របច្បាប់។
លោកក៏បានប្រតិកម្មដែរថា លោកក៏មិនព្រងើយកន្តើយ អនុញ្ញាតឲ្យជនខិលខូចអាចបន្លំយកច្បាប់ដែលក្រសួងចេញឲ្យ ទៅធ្វើ អាជីវកម្មខុសកិច្ចសន្យាដែរ ដោយមន្ទីរជំនាញតែងបានចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ។
ការស្នើសុំរបស់ប្រជាសហគមន៍រ៉ែមាស ក្នុងស្រុកកែវសីមា ដែលមានដាក់ជូនទៅ ខុទ្ទកាល័យសម្តេចតេជោ និងក្រសួង រ៉ែ និង ថាមពល កាលពីថ្ងៃទី១៦ សីហា ២០១៦ កន្លងទៅរហូតមកដល់រសៀល ថ្ងៃទី ២៥ តុលា ២០១៦ គេនៅមិនទាន់ ទទួលបានការឆ្លើយតបណាមួយមន្ត្រី រដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ នៅឃុំ ចុងផ្លាស់ នោះនៅឡើយទេ៕



មតិយោបល់