ភ្នំពេញៈ ជនសង្ស័យ២នាក់ជាមុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងមានសមត្ថកិច្ច ចាប់វាយខ្នោះក្រោយពីពួកគេ ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង បានសម្រច ហើយជិះគេចខ្លួនតាមផ្លូវ ត្រូវម្ចាស់ប្រទះឃើញស្រែកឆោឡោ ដេញចាប់ជាមួយសមត្ថកិច្ចបានភ្លាមៗ កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ នៅចំណុចផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជនសង្ស័យលួចម៉ូតូយ៉ាងសកម្មទាំង ២នាក់នោះទី១ ឈ្មោះ ពេជ្រ សុវណ្ណ អាយុ២៥ឆ្នាំ និងទី២ឈ្មោះ វី ខួច អាយុ២៨ឆ្នាំ ពួកគេមានមុខរបរ និងទីលំនៅ មិនពិតប្រកដដូចគ្នា។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមជនសង្ស័យបាននាំគ្នា ទៅធ្វើសកម្មភាពលួចម៉ូតូម៉ាក Let’s ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ ១GX-៨៣៨៥ មួយគ្រឿង នៅមុខផ្ទះនៅតាមបណ្តោយផ្លូវលេខ ១៣០ ក្នុងសង្កាត់ផ្សារចាស់។ ដោយបុរសជាម្ចាស់ម្នាក់ បានចាក់សោ.ក និងសោកង់ទុកយ៉ាងត្រឹមត្រូវ តែពេលត្រលប់មកមើលវិញ ទើបដឹងថា បាត់ ក៏នាំគ្នាជិះម៉ូតូដើររក រហូតដល់ម៉ោងខាងលើ ស្រាប់តែប្រទះឃើញ ជនសង្ស័យទាំង ២នាក់កំពុងជិះតាមផ្លូវ នាំគ្នាដេញនិងស្រែកឆោឡោ ក៏ឮដល់សណ្តាប់ធ្នាប់ ទើបឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ក្រោយឃាត់ខ្លួនកម្លាំងសណ្តាប់ធ្នាប់ បញ្ជូនជនសង្ស័យទៅប៉ុស្តិ៍វត្តភ្នំ តែដោយសារកើតហេតុនៅប៉ុស្តិ៍ផ្សារចាស់ ទើបសមត្ថកិច្ចបញ្ជូន ទៅកាន់ប៉ុស្តិ៍នគរបាលផ្សារចាស់ ដើម្បីធ្វើកំណត់ហេតុ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញ ចាត់ការទៅតាមនីតិវិធីបន្ត៕
មតិយោបល់