ព័ត៌មានជាតិ

១យប់ ឆក់២ករណី នៅខណ្ឌចំការមន

ភ្នំពេញ: ស្ត្រីជនជាតិបរទេសម្នាក់ កំពុងតែធ្វើដំណើរដោយថ្មើរជើង ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមកបានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ចំណុចផ្លូវ១៥៥កែងនិង៤៦០ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ Velma Bangwa ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិ Sierra Leone ស្នាក់នៅ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន។ ការបូបស្ពាយដែលចោរឆក់ទៅមានលុយចំនួន ១៨០០ដុល្លារ ទូរសព្ទដៃមួយគ្រឿងប៉ាស្ព័រមួយសន្លឹក និងកាត ATM មួយសន្លឹក។

អ្នកឃើញហេតុការណ៍បានប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញ ស្ត្រីរងគ្រោះ បានធ្វើដំណើរតាមផ្លូវ១៥៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានស្ពាយកាបូប មួយ នៅពេលដែលគាត់បានដើរទៅដល់ផ្លូវ១៥៥កែង និងផ្លូវ៤៦០ ដែលជាកន្លែង កើតហេតុក៏ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកអាយខុន មិនចាំស្លាកលេខ បានធ្វើដំណើរតាមផ្លូវមកពីក្រោយ រួចអ្នកអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពី ស្ត្រី បានសម្រេច រួចហើយបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។

បន្ទាប់មកស្ត្រីរងគ្រោះបានស្រែកទ្រហោយំឲ្យគេជួយ ពេលនោះសមត្ថកិច្ចកំពុងតែ ល្បាត ក្នុងមូលដ្ឋាន ឃើញស្ត្រីរូបនោះយំបានសួរនាំ ទើបដឹងថា មានករណីឆក់កាបូប ក៏ដឹកស្ត្រី ជនរងគ្រោះទៅសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលទំពូង១ នៅពេល ទៅដល់ប៉ុស្តិ៍នគរបាល ស្ត្រីរូបនោះគិតតែពីស្រែកយំ ដោយមិនព្រមឲ្យសមត្ថកិច្ចសាកសួរ ដូច្នេះសមត្ថកិច្ចមិនដឹងធ្វើយ៉ាងម៉េច ក៏ឲ្យស្ត្រីរូបនោះត្រឡប់ទៅផ្ទះវិញសិន ដើម្បីរម្ងាប់ អារម្មណ៍ លុះចាំព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹងម្តងទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីមានករណីឆក់កាបូបនារីម្នាក់នៅប៉ុស្តិ៍បឹងត្រែបែកមិនបានរួចមក មិនបានប៉ុន្មានម៉ោងផង ក៏មានករណីឆក់កាបូបពីស្ត្រីជនបរទេសម្នាក់ទៀត នៅប៉ុស្តិ៍ទួលទំពូង១ម្ដងទៀត ដែលនៅមិនឆ្ងាយពីគ្នា ក្នុងទឹកដីខណ្ឌចម្ការមនមួយ គឺតែមួយយប់សោះ មានករណីឆក់២ករណី សមត្ថកិច្ចបានត្រឹមតែហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងប៉ុណ្ណោះ៕

photo_2016-10-26_09-00-16

photo_2016-10-26_09-00-11

photo_2016-10-26_09-00-13

photo_2016-10-26_09-00-14

photo_2016-10-26_09-00-15

មតិយោបល់