បន្ទាយមានជ័យៈ ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះលោក វរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះឃាត់ខ្លួន យុវជនម្នាក់ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវចូលកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតបានកាំបិតស្នៀត១ផងដែរ ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តដើម្បីធ្វើការសាកសួរ។
លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា តាមការសួរចម្លើយ របស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើកាំបិតស្នៀតចុងស្រួច ចាក់ទៅលើឈ្មោះ ឈិន ខារិន ពិតប្រាកដមែន ដោយសារឈ្មោះ ឈិន ខារិន បានកាក់ផ្លូវនៅពេល ដែលខ្លួនចេញពីធ្វើការកាស៊ីណូ ហើយឈ្មោះ ឈិន ខារិន បានវាយមកលើខ្លួនពេលនោះ ក៏មានការវាយតប់គ្នាទៅវិញទៅមក ហើយខ្លួនបានដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយ សម្រាប់ការពារខ្លួន ចាក់ទៅលើឈ្មោះ ឈិន ខារិន បណ្ដាលឲ្យរងរបួសតែម្ដង។
លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង បានឲ្យដឹងទៀតថា តាមចម្លើយរបស់ជនរងគ្រោះឈ្មោះ ឈិន ខារិន និងការស្ដាប់ចម្លើយ សារភាពរបស់ជនសង្ស័យឈ្មោះ ឡា ចន្នី រួចរាល់ហើយនោះសមត្ថកិច្ច អាចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ ពីបទហិង្សាដោយចេតនា និង មានស្ថានទម្ងន់ទោសផងដែរ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ថា បច្នុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ជំនាញកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់