ព័ត៌មានជាតិ

កាត់ទោស ស៊ាង​ ចែត​ នៅថ្ងៃស្អែក ខណៈមនុស្ស៥នាក់ទៀត ពន្យាពេលឃុំខ្លួន

ភ្នំពេញៈ បើមិនមានការប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ តុលាការសាលាដំបូងក្រុងភ្នំពេញនឹងបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះទោស លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿង សូកប៉ាន់សាក្សី ជាលុយចំនួន ៥០០ដុល្លារឱ្យទៅម្តាយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីជួយលោងលោមឱ្យស្រីមុំ និយាយពាក្យមិនពិតក្នុងដំណើររឿងទំនាក់ទំនងស្នេហារវាងនាង និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានលោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ បើយោងតាមបទចោទខាងលើនេះ លោក ស៊ាង ចែត អាចប្រឈមនឹងការជាប់ពន្ធនាគារកំណត់រយៈពេលពី៥ឆ្នាំ ទៅ១០ឆ្នាំ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងក្រុងភ្នំពេញ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ សវនាការនៅព្រឹកស្អែកមានសមាភាពជំនុំជម្រះដូចខាងក្រោម៖

១ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សា

២ លោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមប្រឹក្សា

៣ លោក ឃី ឆៃ ចៅក្រមប្រឹក្សា

៤ លោក សៀង សុខ តំណាងអយ្យការ

ទាក់ទងនឹងសំណុំរឿងនេះ លោក សំ សុគង់ មេធាវីការពារសិទ្ធិលោក ស៊ាង ចែត បានថ្លែងថា លោកនឹងចូលរួមនៅក្នុងសវនាការនាព្រឹកស្អែកនេះ។ លោកមេធាវីបានបញ្ជាក់ថា កូនក្តីលោកក៏នឹងចូលរួមក្នុងសវនាការនេះផងដែរ។

សូមបញ្ជាក់ថា ខណៈដែលតុលាការគ្រោងនឹងជម្រះទោសលោក ស៊ាង ចែត នៅព្រឹកស្អែក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញក៏បាន បញ្ជាឱ្យនាំខ្លួនជនជាប់ចោទចំនួន ៥រូបមក សាកសួរផងដែរ ដើម្បីបន្តពន្យាពេលឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង សួកប៉ាន់ និងសមគំនិតសួកប៉ាន់សាក្សី គឺកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា ២៩ និងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ៕

photo_2016-10-27_13-51-56

មតិយោបល់