អ្នកគាំទ្រក្រុម Valencia វ័យ១៧ឆ្នាំ ដែលបានគប់ដបទឹកសុទ្ធត្រូវ Neymar ក្នុងការប្រកួតកាលពីសប្ដាហ៍មុននោះ បានចេញមុខមកសុំទោសជាសាធារណៈហើយ ក្រោយពីរូបគេដឹងកំហុសនិងសន្យាមិនឱ្យកើតមានទៀតទេ។
ក្នុងការប្រកួតដែល Barcelona ឈ្នះ Valencia ៣-២ កាលពីសប្ដាហ៍មុននោះ Messi ជាអ្នករកគ្រាប់បាល់ជ័យជម្នះ ហើយក្រោយពីស៊ុត១គ្រាប់នោះចូលហើយ សមាជិកក្រុមអ្នកមានបុណ្យទាំងអស់បានរត់ទៅអបអរមុខអ្នកគាំទ្រក្រុម Valencia ។ គ្រានោះ មានដបទឹកសុទ្ធ១ដប បានហោះពីកន្លែងអ្នកគាំទ្រមក ត្រូវ Neymar ចំកណ្ដាលមុខតែម្ដង។
ក្រោយពីមានរឿងនេះហើយ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានពិន័យក្រុម Valencia ជាទឹកប្រាក់ចំនួន១៥០០អឺរ៉ូ ចំពោះកាយវិការមិនសមរម្យរបស់អ្នកគាំទ្ររបស់ខ្លួន។ ខណៈដែលយុវជនគប់ដបទឹកសុទ្ធនោះ ក៏បានទទួលកំហុសនិងចេញមកសុំទោសជាសាធារណៈផងដែរ៕
មតិយោបល់