បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ដែលបានឆបោកម៉ូតូពីស្រុកមង្គលបូរី ត្រូវបានសមត្ថកិច្ចស្រុកភ្នំព្រឹកឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក និងប្រជាការពារភូមិអូរធំ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិបឹងឃ្លាំង ឃុំតាំឡំ ស្រុកមង្គលបូរី និងម៉ូតូ១គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅ កាំបន្ទះ ដែលជនសង្ស័យយកមកបាញ់ថ្នាំពណ៌ស ស៊េរី២០០៩ ឡើងតែម២០១៣ ស្លាកលេខបន្ទាយមានជ័យ 1B-9472 ដើម្បីសួរនាំរកលិខិតស្នាមពាក់ព័ន្ធ។
សមត្ថកិច្ចបន្តថា ជនសង្ស័យឆ្លើយសារភាពថា ខ្លួនរស់នៅជាមួយអ៊ុំ ឈ្មោះ ដី មានទីលំនៅខាងក្រោយវត្តរំដួល ក្រុងបាត់ដំបង រីឯម៉ូតូក៏ជារបស់អ៊ុំខ្លួនដែរ ដែលខ្លួនខ្ចីយកមកលេងសង្សារនៅភូមិអូរធំ ឃុំភ្នំព្រឹក។ សមត្ថកិច្ចបានទាក់ទងទៅសមត្ថកិច្ចក្រុង ហើយបានឆ្លើយថា ជនសង្ស័យធ្លាប់នៅជាមួយអ៊ុំខាងលើ រយៈពេលខ្លីមែន ប៉ុន្តែម៉ូតូមិនមែនរបស់អ៊ុំជនសង្ស័យទេ មិនដឹងជនសង្ស័យបានមកពីណាឡើយ ដោយមានមូលដ្ឋានខាងលើ សមត្ថកិច្ចបានស្រាវជ្រាវបន្ត មកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៤និង៥៧នាទី សមត្ថកិច្ច បានទាក់ទងទៅសមត្ថកិច្ចស្រុក មង្គលបូរី ទើបដឹងដំណឹងថា ជនសង្ស័យខាងលើបានឆបោក ម៉ូតូជនរងគ្រោះ ឈ្មោះ ជូរ ជួន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិតាអ៊ិន ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ដោយកុហក់ថាខ្ចីម៉ូតូទៅទិញម្ហូប រួចហើយក៏ជិះគេចខ្លួនបាត់ តាំងពីពេលនោះតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅ សមត្ថកិច្ចស្រុកមង្គលបូរី ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់