កំពង់ចាមៈ គណៈកម្មការបង្ក្រាបទប់ស្កាត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានចេញបើកប្រតិបត្តិការណ៍ កាលពីថ្ងៃទី២៧ តុលា ២០១៦ នៅតាមដងផ្លូវជាតិលេខ៦ ត្រង់ចំណុចស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងការបង្ក្រាបនេះដែរ កម្លាំងបានធ្វើការឃាត់បានរថយន្តចំនួន១៥គ្រឿង ក្នុងនោះមានរថយន្តចំនួន១១គ្រឿង ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំណែករថយន្ត៤គ្រឿងទៀតឃើញថា ខុសលក្ខណៈបច្ចេកទេសទាំងស្រុង ដោយក្នុងច្បាប់កំណត់ឲ្យរថយន្តប្រភេទយីឌុប ផ្លូវ៥ អាចមានប្រវែង ១២,២ ម៉ែត្រ ដោយឡែករថយន្តដែលត្រូវចាប់កាត់ទ្រុងមានប្រវែងរហូតដល់ ១៤,៩ ម៉ែត្រឯណោះ។
លោក សេង ឈួន អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជា
ប្រធានក្រុមកាងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេសបានឲ្យដឹងថា ក្រសួងបានចេញសេចក្ដីណែនាំឲ្យគ្រប់ម្ចាស់យានយន្ត កាត់ទ្រុងដោយខ្លួនឯងត្រឹមថ្ងៃទី៩ កញ្ញា ២០១៦ ប៉ុន្តែរហូតមកដល់ពេលនេះ យានយន្តមួយចំនួនមិនទាន់អនុវត្តតាមនៅឡើយទេ ដូច្នេះពេលក្រុមកាងារឃាត់បានត្រូវធ្វើការកាត់ភ្លាមៗ តម្រូវឲ្យម្ចាស់យានយន្តជាអ្នកចេញតម្លៃថ្លៃឈ្នួលជាង និងរងការផាកពិន័យប្រាក់ចំនួន១២៥,០០០ រៀល តាមមាត្រាទី៩ អនុក្រឹត្យលេខ៨៥ ។
លោក សេង ឈួន បានបញ្ជាក់ទៀតថា ក្រុមកាងារបង្ក្រាបគឺមាន២៥ ខេត្ត-ក្រុង ដោយអភិបាលរងខេត្តជាប្រធាន និងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ជាអនុប្រធាន ដោយមានការសហករណ៍ជាមួយកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថផងដែរ។
ក្នុងនោះដែរលោកក៏បានសំណូមពរ បន្ថែមដល់ម្ចាស់យានយន្ត ត្រូវមានឆន្ទៈចូលរួមអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសលក្ខណៈបច្ចេកទេសយានយន្ត និងការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលបង្កឲ្យមានការខូចខាតផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ៕
មតិយោបល់