ព័ត៌មានជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្មស្នើផលិតករ អាជីវករទាំងអស់ប្រើស្តង់ដារបច្ចេកទេសដើម្បីធានាទំនិញខ្លួន

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ បានអញ្ជីញធ្វើជាអធិបតីភាពនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការកសាងទំនុកចិត្តលើផលិតផលកម្ពុជា ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម នៅសាលពិព័រណ៍កោះពេជ្រ។ សិក្ខាសាលាធ្វើឡើងនៅថ្ងៃទី២៨តុលានេះក្នុងគោលបំណងផ្តល់ចំណេះដឹងបន្ថែមដល់ផលិតករ និងអាជីករខ្មែរ អំពីស្តង់ដារបច្ចេកទេស បទដ្ឋាននៃការវេចខ្ចប់ និងសុវត្ថិភាពនៃការប្រើប្រាស់ផលិតផល ដើម្បីពួកគេអាចផលិតទំនិញដែលមានគុណភាពខ្ពស់ អាចប្រកួតប្រជែងទំនិញនាំចូលពីបរទេស។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមសហការគាំទ្រពីវិស័យឯកជន ជាពិសេសបងប្អូនផលិតករខ្មែរ គឺជាកត្តាសំខាន់ដែលញាំងឲ្យទំនិញកម្ពុជាអាចប្រកួតប្រជែងជាមួយទំនិញនាំចូលដោយជោគជ័យ។ លោកបានបន្តទៀតថា ផលិតផលខ្មែរដែលដាក់ឲ្យធ្វើពាណិជ្ជកម្មនៅលើទីផ្សារ ចាំបាច់ត្រូវតែធានាបានទាំងគុណភាព សុវត្ថិភាព និងសោភណភាព ព្រមទាំងតម្លៃសមរម្យ ដើម្បីទាក់ទាញទំនុកចិត្តអ្នកប្រើប្រាស់។

លោកក៏បានលើកទឹកចិត្តដល់បងប្អូនផលិតករ និងអាជីករទាំងអស់ ឲ្យធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញទីផ្សារ និងធុរជនឆ្នើមៗ ដែលចូលខ្លួនមកចែករំលែកបទពិសោធន៍នៅក្នុងព្រឹកនេះ ទាក់ទិនភាពជោគជ័យលើការប្រកបអាជីវកម្ម ព្រមទាំងបានផ្តែផ្តាំដល់ពួកគេ (សិក្ខាកាម) ឲ្យបន្តសហការស្អិតរមួតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីដកស្រង់បទពិសោធន៍ថ្មីៗ ក៏ដូចទទួលបានឱកាសក្នុងការចាប់ដៃគូពាណិជ្ជកម្មតូចធំ សម្រាប់ពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

photo_2016-10-28_20-26-21photo_2016-10-28_20-26-25photo_2016-10-28_20-26-28

មតិយោបល់