កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ បើករថយន្តដឹកកម្មកររបស់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ 7NG មិនប្រយត្ន័បណ្តាលឲ្យក្រឡាប់រថយន្តទៅលើដងផ្លូវ រហូតបណ្តាលឲ្យមាន កម្មការិនីជាង១០នាក់ រងរបួសធ្ងន់និងស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទី យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងរោងចក្រ 7NG ក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរខាងលើ មានឈ្មោះ ហ៊ិន ថុង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះដែលរងរបួសនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករខាងលើនេះ មានចំនួន១១នាក់ ក្នុងនោះមាន៧នាក់របួសធ្ងន់ និង៤នាក់របួសស្រាល រួមមានទី១ឈ្មោះ ច្រេះ សុនី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិខ្ចោង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (របួសធ្ងន់)។ទី២ឈ្មោះ ភុំ សុហ៊ីន ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់)។ទី៣ឈ្មោះ ខាន់ សុភាព អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់)។ ទី៤ឈ្មោះ ហុក ហាង ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់)។ទី៥ឈ្មោះ កែម សុខខឺន ភេទស្រីអាយុ៣៦ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា(រងរបួសធ្ងន់)។ទី៦ឈ្មោះ ឌឹម សុខណា ភេទស្រីអាយុ២៧ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា(រងរបួសធ្ងន់)។ ទី៧ឈ្មោះ ពៅ ស្រីនោភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា(រងរបួសធ្ងន់)។ទី៨ឈ្មោះ ប្រាក់ គឹមលាង ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួលស្រាល)។ទី៩ឈ្មោះ ផើង សុភាន់ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិឃុំ ជាមួយគ្នា (រងរបួសស្រាល)។ទី១០ឈ្មោះ ភុំ សុខណឺន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល) និងជនរងគ្រោះទី១១ឈ្មោះ និល សុខឃឿន ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល)។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4316 របស់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ 7NG បើកបរដោយតៃកុងវ័យស្ទាវខាងលើ ក្នុងទិសដៅពីត្បូងមកជើង លុះបានមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបររថយន្តខាងលើខ្វះការប្រុងប្រយត្ន័ ក៏ក្រឡាប់រថយន្តផ្ងារជើងបណ្តាលឲ្យកម្មការិនី១១នាក់ រងរបួសធ្ងន់និងស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពីកើតហេតុ រថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាល ចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/BMSoFW6cIGU
មតិយោបល់