ព័ត៌មានជាតិ

បើកម៉ូតូគេចពីក្រុមម្ខាងទៀតដេញវាយ ជ្រុលទៅបុកបង្គោលភ្លើងស្លាប់ម្នាក់ ២នាក់ទៀតរបួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីយុវជន៣នាក់ បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន បើកគេចពីក្រុមមនុស្សមួយក្រុមទៀតដែលព្យាយាមដេញវាយមកលើខ្លួន ក៏បណ្តាលឲ្យជ្រុលចង្កូតទៅបុកជាមួយនឹងបង្គោលភ្លើងនិងចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់បោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែក២នាក់ទៀតរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ យុវជនមួយក្រុម មានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាកដេញតាមវាយយុវជនមួយក្រុមទៀតដែលមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-7032 ដោយជិះតាមបណ្តោយផ្លូវព្រះសុរាម្រិត ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ដែលជាផ្លូវកោង ជនរងគ្រោះទាំង៣ដែលជិះរត់នោះ ដោយសារតែល្បឿនម៉ូតូលឿនពេក បូងចង្កូតមិនទាន់ក៏បណ្តាលឲ្យជ្រុលទៅបុកបង្គោលភ្លើងនិងខឿនចិញ្ចើមផ្លូវដួលបោកស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកឯជនបង្កដែលជិះដេញពីក្រោយនោះពេលឃើញមានមនុស្សស្លាប់ក៏នាំគ្នាជិះគេចអស់តែម្តង។

បើយោងតាមប្រភពព័ត៌មានពីបុរសអ្នករត់ម៉ូតូកង់បីម្នាក់ទៀតបាននិយាយដែរ ថាគាត់បានឃើញម៉ូតូមួយគ្រឿងម៉ាក ស្កុបពីរ ពណ៌ស មិនចាំស្លាកលេខជិះដោយជនសង្ស័យម្នាក់ បានព្យាយាមជិះមកកៀរម៉ូតូរបស់ជនរងគ្រោះ ហើយនិងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះ ដួលបោកនិងបង្គោលភ្លើង បណ្តាលឲ្យជនរងគ្រោះម្នាក់បោកនិងបង្គោលភ្លើងធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ បុរសអ្នករត់ម៉ូតូកង់បី ដដែលបានបន្ថែមថា បន្ទាប់ពីកើតអ្នកដែលជិះម៉ូតូស្តុបពីរនោះក៏លើកម៉ូតូគេដែលដួលដូចគ្នានោះ ប្រញាប់ជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ទាំងពីរនាក់នោះ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ដោយឡែកចំពោះសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី។

ទោះជាយ៉ាងណាអ្នកនៅកន្លែងកើតហេតុក៏បាននិយាយដែរថា ករណីខាងលើនេះមិនមែនជាដេញវាយគ្នាធម្មតាទេនោះ ពួកគាត់សុំឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវឲ្យច្បាស់លាស់ក្នុងករណីនេះផង ព្រោះថានៅក្នុងហេតុការណ៍ខាងលើនេះបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសធ្ងន់ គួរឲ្យរន្ធត់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

//youtu.be/Zi1tRf8Ls9c

មតិយោបល់