ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ធ្វើការឆ្លើយតបនឹងការភន្ត័ច្រឡំចំពោះទង្វើរបស់សន្តិសុខផ្សារក្រុងសួង

ត្បូងឃ្មុំៈ បន្ទាប់ពីមានជម្លោះពាក្យសម្ដី ឡើងតឹងសរសៃក ទាំងព្រឹកព្រលឹមកាលពីព្រឹក ថ្ងៃ២៧ តុលា ២០១៦ រវាងសន្តិសុខផ្សារក្រុងសួង និងអ្នកលក់ត្រី រហូតឈានដល់បង្កទៅជាអំពើហិង្សា ដោយសន្តិសុខផ្សាររូបនោះបានទាញកញ្ចែងត្រី របស់អាជីវករ ដែលកំពុងតែអង្គុយលក់យកទៅចាក់ចោល ហើយរហូតមកដល់ពេលនេះមិនទាន់ឃើញអាជ្ញាធរក្រុងមានចំណាត់ការនៅឡើយនោះទេ ដែលធ្វើឲ្យបងប្អូនអាជីវករ ដែលជាអ្នកលក់ដូរ នៅក្នុងផ្សារក្រុងសួង មានការភ័យខ្លាច ចំពោះចរិកកោងកាច របស់ក្រុមសន្តិសុខរូបនេះជាខ្លាំង។

ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឆ្លើយតបតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅលើផាកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទាក់ទងទៅនឹងការភន្ត័ច្រឡំចំពោះទង្វើរបស់សន្តិសុខផ្សារក្រុងសួងខាងលើ ដែលមានខ្លឹមសារដូចតទៅ៖ «ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការឆ្លើយតប ទៅនឹងការភន្ត័ច្រឡំរបស់មហាជនមួយចំនួនតូច ដែលគិតស្មានថាការប្រព្រឹត្តនេះ ជាកម្លាំងរបស់មន្ត្រីនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ តាមការពិតក្រុមនេះគឺជាមន្ត្រីរៀបចំសណ្តាប់ធ្នាប់ក្រុងសួង ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរក្រុងទេ មិនមែនជាមន្ត្រីនគរបាលក្រុងនោះទេ។ សូមពុកម៉ែ បងប្អូនសូមកុំមានការយល់ច្រឡំ ហើយវាយតម្លៃមកលើនគរបាលជាតិឲ្យសោះ»។

នៅក្នុងខ្លឹមសារដដែលបានបន្តថា« ស្នងការនគរបាលខេត្ត តែក្រើនរំឭកដាស់តឿនដល់កម្លាំងរបស់ខ្លួនឲ្យអនុវត្តនូវពាក្យស្លោកថា«ខ្លួនជានគរបាលបាល» គឺមានន័យទូលំទូលាយណាស់សម្រាប់តួនាទីនិងភារកិច្ច ពេលខ្លះត្រូវដើរតួជាអាជ្ញាកណ្តាល ជាអាណាព្យាបាល ជាអ្នកថែរក្សា ជាអ្នកការពារ ជាអ្នកបង្ក្រាប និងពេលខ្លះទៀតគឺជាអ្នកបម្រើប្រជារាស្ត្រ។ វាជាការពិតណាស់ តែពេលអនុវត្តបង្ការបង្រ្កាប នគរបាលជៀសមិនរួចពីការខឹងសម្បារ ឬការគុំគួននោះទេ។ ទោះជួបនឹងរឿងបែបនេះជាញឹកញយក៏ដោយ កម្លាំងនគរបាលរបស់យើង នៅតែមានទឹកចិត្ត ហើយបេជ្ញាកសាងអំពើល្អៗបន្ថែមទៀតសម្រាប់បង្ហាញដល់មហាជននិងប្រជាពលរដ្ឋ ឲ្យឃើញពីតម្លៃនៃភាពស្មោះត្រង់ និងបំណងល្អរបស់មន្ត្រីនគរបាលយើងខ្ញុំ ដែលបានខិតខំបម្រើប្រជារាស្ត្រទូទៅ»៕

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្តត្បូងឃ្មុំ

មតិយោបល់