ភ្នំពេញៈ អង្គការសកម្មភាពយុវជនកម្ពុជា Cambodian Youth Action (CYA) ជាអង្គការមួយបង្កើតឡើង ដើម្បីជួយសង្គមលើការអប់រំបណ្តុះបណ្តាល អ្នកមិនមានឱកាស ឲ្យមានឱកាសបានរៀនសូត្រ ទទួលបទពិសោធន៍ ជួយប្រជាពលរដ្ឋក្រីក្រនិងចូលរួមលើការងារបរិស្ថានពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុផងដែរ។
ដើម្បីបំពេញលើការងារសង្គមនេះឲ្យកាន់តែបានរីកធំធាត់ អង្គការសកម្មភាពយុវជនកម្ពុជា CYA តែងតែផ្តល់បទពិសោធន៍ជាច្រើនសម្រាប់និស្សិតស្ម័គ្រចិត្តកម្ពុជា ក្រោយពីបានដកស្រង់បទពិសោធន៍ជាច្រើនមកពីក្រៅប្រទេស។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ តុលា នៅភោជនីយដ្ឋាន ផាក កាហ្វេ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវមុន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ អង្គការសកម្មភាពយុវជនកម្ពុជា CYA បានរៀបចំកម្មវិធីមួយដើម្បីឲ្យយុវជន បានទទួលព័ត៌មានផ្សេងៗ ពីការស្ម័គ្រនិងជំរុញឲ្យពួកគាត់ចូលរួមក្នុងការងារស្ម័គ្រចិត្តកាន់តែច្រើនមិនថានៅក្នុងប្រទេសនិងនៅក្រៅប្រទេស ដែលក្នុងពិធីនេះមាននិស្សិតស្ម័គ្រចិត្តរាប់សិបនាក់ចូលរួមផងដែរ។
លោក ស៊ន សុផាត ប្រធានអង្គការសកម្មភាពយុវជនកម្ពុជា CYA បានឲ្យដឹងថា ការប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងឲ្យយុវជនស្ម័គ្រចិត្ត បានជួបជុំគ្នាចែករំលែក ចំណេះដឹង បទពិសោធន៍ផ្សេងៗ លើការងារស្ម័គ្រនិងជំរុញឲ្យពួកគាត់ចូលរួមក្នុងការងារស្ម័គ្រចិត្តកាន់តែច្រើនមិនថានៅក្នុងប្រទេសនិងនៅក្រៅប្រទេស។ លោកបន្តថា ការងារស្ម័គ្រពិតជាមានសារៈសំខាន់ លើការជួយសង្គម ។ សម្រាប់ការងារអង្គការសកម្មភាពយុវជនកម្ពុជាCYA ផ្តោតការងារសំខាន់ទី១ លើកកម្ពស់ការអប់រំក្រៅប្រព័ន្ធ ដោយយើងមានការបណ្តុះបណ្តាភាសារអង់គ្លេស កុំព្យូទ័រ ហើយក៏មានបណ្ណាល័យ ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រផងដែរ។ ទី២ទាក់ទងទៅនឹងការអភិវឌ្ឍន៍សហគមន៍ ដោយយើងអាចសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្រីក្រ ដូចជាការសាងសង់ផ្ទះឲ្យប្រជាពលរដ្ឋដែលពួកគាត់ក្រីក្រពិតប្រាកដ ការផ្តល់សេវាកម្មជូនពួកគាត់ដែលអាចឲ្យពួកគាត់ប្រកបមុខរបរ ចិញ្ចឹមជីវិតបាន ។ទី៣ ធ្វើសកម្មភាពពាក់ព័ន្ធទៅនឹងបរិស្ថាន លើការបម្រែបម្រួលអាកាសធាតុផងដែរ ។
លោក ស៊ន សុផាត បានបន្តឲ្យដឹងទៀតថា សម្រាប់និស្សិតស្ម័គ្រចិត្តរបស់អង្គការរបស់លោក លោកតែងតែបានបញ្ជូនពួកគាត់ ទៅបំពេញការងារស្ម័ក្រចិត្តទៅក្រៅប្រទេសជាច្រើននាក់ ដើម្បីឲ្យពួកគាត់ទទួលបានការរៀនសូត្រ បទពិសោធន៍លើការងារស្ម័គ្រចិត្តនេះ ។យុវជនស្ម័គ្រចិត្តបានទទួលមកវិញ គឺ បទពិសោធន៍ ចំណេះដឹងជាសាកល និងការអភិវឌ្ឍន៍ខ្លួនឯងឲ្យមានគោលដៅច្បាស់លាស់ក្នុងជីវិតរបស់គាត់។
លោក ស៊ន សុផាត បានបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំៗ CYA ទទួលបាននិស្សិត ឬអ្នកស្ម័គ្រចិត្តមកពីក្រៅប្រទេសចង្លោះពី៥០០ ទៅ៦០០នាក់ ហើយយើងក៏បានបញ្ចូលអ្នកស្ម័គ្រចិត្តខ្មែរយើងពី១០០ទៅ១៥០នាក់ផងដែរ។ សម្រាប់ឆ្នាំ២០១៦នេះយើងបានបញ្ជូនអ្នកស្ម័គ្រចិត្តខ្មែរយើងចំនួន១៥នាក់ ទៅក្រៅប្រទេស សម្រាប់រយៈពេល៣ខែ ៦ខែ និង១ឆ្នាំ ក្នុងនោះរួមមានការបញ្ជូនអ្នកស្ម័គ្រចិត្តខ្មែរទៅចិន តៃវ៉ាន់ ជប៉ុន បារាំងនិងអាឡឺម៉ង់ ប៉ុន្តែបើ ស្ម័គ្រចិត្តបរទេសវិញមកស្រុកខ្មែរមានជាង១០ប្រទេសនៅក្នុងតំបន់អាស៊ីនិងនៅប៉ែកអឺរុបក៏បានបញ្ជូនមកក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីធ្វើសកម្មភាពជួយសង្គមតាមរយៈអង្គកាCYAនេះ។
ក្នុងឱកាសនោះដែរ លោក ស៊ន សុផាត ក៏បានធ្វើការអំពាវនាវដល់និស្សិតស្ម័គ្រចិត្តខ្មែរទាំងអស់ ដែលបាននឹងកំពុងសិក្សានៅតាមបណ្តាមហាវិទ្យាល័យមួយចំនួន បើមានពេញឬអាចឈ្លាតពេលបានក្នុងការចូលរួមជាមួយអង្គកាCYA នោះពួកគាត់អាចទទួលបានមកវិញនូវ បទពិសោធន៍ ចំណេះដឹងជាសាកល និងការអភិវឌ្ឍន៍ខ្លួនឯងឲ្យមានគោលដៅច្បាស់លាស់ក្នុងជីវិត៕
មតិយោបល់