ព័ត៌មានជាតិ

លួចគោយកទៅលក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ពោធិ៍សាត់: កម្លាំងនគរបាលចម្រុះប៉ុស្តិ៍រដ្ឋបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចគោមួយក្បាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល ត្រង់ចំណុចប៉ែនកែវ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា​​ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៥ល្ងាច សមត្ថកិច្ចប៉ុស្តិ៍ឈើតុំបានទទួលពាក្យបណ្តឹងពីពលរដ្ឋ ឈ្មោះ សាំង ធី អាយុ៥០ឆ្នាំ ភេទប្រុស បច្ចុប្បន្ននៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ថា ខ្លួនបានបាត់គោញីផើម១ ក្បាល សម្បុរចំប៉ា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល។
ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះហើយ នាយរងប៉ុស្តិ៍បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន៣នាក់ បន្ទាប់មកបានរាយការណ៍ជូនលោកព្រះរាជអាជ្ញា និងសុំគោលការណ៍រួចហើយ កម្លាំងប៉ុស្តិ៍ បានទៅនាំមុខជនសង្ស័យបានចំនួន២នាក់ ម្នាក់ទៀតគេចខ្លួនបាត់។ ១ឈ្មោះ ហុង ហេង អាយុ៣៤ឆ្នាំ ភេទប្រុស បច្ចុប្បន្ន នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសារភាពថាខ្លួនជួយដឹកយកទៅលក់ ទី២ឈ្មោះ ទាំ ព្រហីម អាយុ៣១ឆ្នាំ ភេទប្រុស ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ននៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកទិញគោ តម្លៃ១ ៥៥០ ០០០រៀល(១លាន៥៥ម៉ឺនរៀល)។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនតាមបញ្ជារបស់លោក តន់ សីហតេជ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩និង១១នាទីព្រឹក នៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីរៀបចំនីតិវិធី។ ចំណែកឈ្មោះ គក គុយ អាយុ៣២ឆ្នាំ ភេទប្រុស បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានគេចខ្លួនបាត់(អ្នកលក់គោ) ចំណែក គោបានដកហូត និងប្រគល់ឲ្យម្ចាស់គ្រប់គ្រងបណ្តោះអាសន្នតាមបញ្ជារបស់លោកព្រះរាជអាជ្ញា៕

លួចគោ

លួចគោ

លួចគោ

មតិយោបល់