កំពង់ចាមៈ ទីតាំងល្បែងស៊ីសងខុសច្បាប់ភ្នាល់ចាក់បាល់ តាមប្រពន្ធ័អ៊ីនធើណែត១កន្លែង ដែលមានយីហោ៧៨៩ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមធ្វើការបង្ក្រាប ព្រមទាំងឃាត់ខ្លួនមនុស្ស៨នាក់ រួមជាមួយវត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ តុលា ២០១៦ ស្ថិតនៅក្នុងភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
លោកវរសេនីយ៍ឯក ចាន់ ហោ នាយរងការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការណ៍នេះមានការចូលរួមពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ដែលក្នុងការបង្ក្រាបនេះជាលទ្ធផលសមត្ថកិច្ចបានធ្វើរការឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកបម្រើការ៣នាក់ រួមជាមួយអ្នកមកលេងល្បែងភ្នាល់៥នាក់ ដែលរួមមាន៖ ទី១ ឈ្មោះហុក ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជាម្ចាស់ទីតាំង ទី២ ឈ្មោះ ប៊ុន រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកចាត់ចែង ទី៣ ឈ្មោះ សុខ ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកចាត់ចែង ទី៤ ឈ្មោះឡុង-វាសនា ភេទប្រុស អាយុ៣៥ឆ្នាំអ្នកលេង ទី៥ ឈ្មោះ អឿន-សំអាត ភេទប្រុស អាយុ២៤ឆ្នាំ អ្នកលេង ទី៦ ឈ្មោះ បាន-ធឿន ភេទប្រុស អាយុ៥៥ឆ្នាំ អ្នកលេង ទី៧ ឈ្មោះអឿន-សាវ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកលេង ទី៨ ឈ្មោះជា-សុវណ្ណរត្ន័ ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកលេង។
ក្នុងនោះដែរសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ម៉ូនីទរ័ចំនួន៩ គ្រឿង ក្បាលកាម៉ារ៉ា១ គ្រឿង ស៊ីភីយូ២ គ្រឿង ម៉ាស៊ីនព្រីន១ គ្រឿង ប្រាក់ដុល្លា១៦០ដុល្លា ប្រាក់ខ្មែរ១៤០០០០០រៀល និងប្រាក់ជាប់ខ្លួន១៣៥០០០០រៀល ប្រាក់ដុល្លា៥២១ដុល្លា ទូរសព្ទ័៣គ្រឿង ម៉ូតូ៤គ្រឿង និងក្រដាស់បុងចាក់បាល់ចំនួន៧សន្លឹក ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានយកមកកាន់ការិយាល័យព្រហ្មទណ្ឌស្រាល ដេីម្បីចាត់ការតាមនិតិវិធីច្បាប់ ៕






មតិយោបល់