ភ្នំពេញៈ ក្រុមគ្រួសារលោកយាយ ម៉ៅ ហួង និងកូនចៅ រស់នៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បាននាំយកថវិកាចំនួន១០លានរៀលទៅប្រគល់ជូនមូលនិធិនៃមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីចូលរួមរំលែកការខ្វះខាតរបស់មន្ទីរពេទ្យឲ្យបានដំណើរការជារៀងរហូត។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក DENIS LAURENT អនុប្រធានមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា តំណាងលោក BEAT RICHNER ប្រធានមន្ទីរពេទ្យ គន្ធបុប្ផា និងលោកយាយ ម៉ៅ ហួង ព្រមទាំងក្រុមគ្រួសារនៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា។
ក្នុងឱកាសនោះ លោកយាយ ម៉ៅ ហួង បានមានប្រសាសន៍ថា ថវិកាទាំងនេះ បានមកពីបុណ្យកឋិនទានសាមគ្គីកាលពេលកន្លងមក ដែលថវិកាពាក់កណ្តាលយកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពោធិអង្គម្រេញ និងថវិកាមួយចំនួនយកមកប្រគល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផានេះ។
លោកយាយបន្តថា កាលដែលលោកយាយយកថវិកាមកចូលមូលនិធិនេះ គឺដើម្បីទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីឲ្យដំណើរការតទៅមុខរហូតកុំឲ្យបាត់បង់ ព្រោះមន្ទីរពេទ្យនេះ ជួយព្យាបាលជំងឺកុមារកម្ពុជារាប់លាននាក់ ដោយឥតគិតថ្លៃ។
យ៉ាងទៀត ស្របតាមការអំពាវនារកជំនួយរបស់មូលនិធិមន្ទីរពេទ្យ គុន្ធាបុប្ផា ក៏ដូចជា រាជរដ្ឋាភិបាល ដើម្បីជួយកុមារកម្ពុជា ដែលលោកយាយប៉ងទុកជាយូរមកហើយ។
លោក DENIS LAURENT អនុប្រធានមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផា ក៏បានមានប្រសាសថា នេះជាទឹកចិត្តដ៏សប្បុរសមួយដែលលោកយាយ ហើយនិងក្រុមគ្រួសារ បានគិតគូរដល់កុមារកម្ពុជា និងមន្ទីរពេទ្យដែលកំពុងជួយការខ្វះខាត និងការរួមចំណែកក្នុងការចំណាយរបស់រាជរដ្ឋាភិបាល។
លោកក៏បានថ្លែងអំណរអរគុណដល់ក្រុមគ្រួសាររបស់លោកយាយ ម៉ៅ ហួង ហើយលោកនឹងសន្យាថា និងយកថវិកានេះ ទៅប្រគល់ជូនមូលនិធិមិនឲ្យបាត់បង់មួយរៀលឡើយ។
តាមការបញ្ជាក់របស់លោកអនុប្រធានមូលនិធិថា សាខាមន្ទីរពេទ្យ គន្ធបុប្ផា នៅក្នុងប្រទេសកម្ពុជាមានចំនួន ៥ទីតាំង នៅក្នុងរាជធានីភ្នំពេញ ៤ទីតាំង និងនៅខេត្តសៀមរាប ១ទីតាំង ហើយនៅភ្នំពេញ មានកុមារកម្ពុជាចូលមកព្យាបាលនៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ចំនួន ១៦០០នាក់ទៅ ២០០០នាក់ក្នុងមួយថ្ងៃ ហើយត្រូវចំណាយថវិកាចំនួនរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃ៕
https://youtu.be/UzjjG5at3Bw
មតិយោបល់