ភ្នំពេញ:ក្មេងស្ទាវ១ក្រុមបើកឆាកប្រយុទ្ធគ្នា កាប់ចាក់ដូចរឿងហុងកុងយ៉ាងអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខវិទ្យាល័យសន្ធរម៉ុក ស្ថិតក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ក្រុមក្មេងស្ទាវបែកហ្វូង សល់ដាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ច ចុះក្របួចជាប់ ក្រោយដេញវាយគ្នា តាមផ្លូវសាធារណៈ បានភ្លាមៗ ជិតកន្លែងបង្កហេតុតែម្តង នាវេលាម៉ោង១២:៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៤ ឧសភា ២០១៦ នេះ។
ជនសង្ស័យ ២នាក់ ត្រូវបានសាក្សី នៅនឹងកន្លែងកើតហេតុ នាំគ្នាបំភ្លឺថា ជាបក្សពួកក្នុងចំនោមក្រុមក្មេងស្ទាវ ២ក្រុម មានគ្នាជាច្រើននាក់ (រាប់មិនទាន់) បានបបួលគ្នាជាក្រុម ដេញវាយតប់គ្នាប្រសាចពាសពេញថ្នល់ សង្ស័យករណីគំនុំ បង្កភាពអនាធិបតេយ្យ តាមទីសាធារណៈ និងបង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ប៉ុន្តែភ្លាមៗនោះ សមត្ថកិច្ច នគរបាលខណ្ឌ បានដកហូតម៉ូតូ ២គ្រឿង ម៉ាក លេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FU-6472 និងខ្សែក្រវ៉ាត់ មួយខ្សែ ជំនួសអាវុធ គោលបំណងបង្កហឹង្សារ និងបន្តសាកសួរ បន្ថែម។
បច្ចុប្បន្ន មន្ត្រីនគរបាល ខណ្ឌទួលគោក កំពុងឃាត់ជនសង្ស័យ និងវត្ថុតាង រួមទាំងមធ្យោបាយធ្វើសកម្មភាព ដើម្បីបន្តចាត់ការ តាមនិតិវិធីផ្លូវច្បាប់៕
មតិយោបល់