ភ្នំពេញៈ បុរសម្នាក់ ជាអ្នកបើកបររថយន្តបាញ់បេតុងបានចុះដើរចេញបាត់ពីកន្លែងកើតហេតុដោយមិននៅធ្វើការដោះស្រាយឡើយ ក្រោយពីរូបគេបានបើករថយន្តបាញ់បេតុងមួយគ្រឿងរបស់ក្រុមហ៊ុន TPIPL ថយក្រោយទៅបុករថយន្តម៉ាកឡិចស៊ីស៤៧០ ពាក់ស្លាកលេខនគរបាលរបស់មន្ត្រីនគរបាលម្នាក់ បណ្តាលឲ្យកំពិតផ្នែកខាងក្រោយ ដោយអះអាងថាជារថយន្តរបស់មេប៉េអឹមម្នាក់នោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវឡើងស្ពានហង្ស កែងនឹងផ្លូវសប៊ិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តធុនធំបាញ់បេតុង ព៌ណស ពាក់ស្លាកលេខភ្នំពេញ៥A-១១២៦៦ មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុក៏បានបួងចង្កូតឡើងទៅលើស្ពានហង្ស ក៏ស្រាប់តែឈប់ដាក់លេខ និងបើកថយក្រោយវិញ។ ស្របពេលនោះ ក៏មានរថយន្តឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខនគរបាល២-២៥៥៦ មួយគ្រឿងដែលបើកបរដោយបុរស ជាមន្ត្រីនគរបាលម្នាក់មកដល់កន្លែងកើតហេតុក៏ត្រូវរថយន្តបាញ់បេតុងនោះ បុកចំផ្នែកខាងក្រោយជាប់ បណ្តាលឲ្យកំពិតអស់មួយចំហៀង។
ប្រភពដដែលបានប្រាប់បន្តទៀតថា ពេលកើតហេតុ បុរសជាអ្នកបើកបររថយន្តបាញ់បេតុងបង្កបានចុះមកមើល និងនិយាយតែពីរទៅបីម៉ាត់ជាមួយនឹងបុរស ជាមន្ត្រីនគរបាលឡានឡិចស៊ីស ៤៧០ដោយគ្រាន់តែអះអាង ថារថយន្តឡិចស៊ីស៤៧០ បានបើកមកកៀររថយន្តរបស់ខ្លួនពីក្រោយទើបបណ្តាលឲ្យបែបនេះ និងនិយាយថា ម្ចាស់រថយន្តបាញ់បេតុងខាងលើជាមេប៉េអឹមម្នាក់ផងដែរ។ ដោយមានខ្នងអាង ជានាយកងរាជអាវុធហត្ថនោះ បុរសជាអ្នកបើកបររថយន្តបង្កក៏បានចេញទៅបាត់ស្រមោល ទុកតែបុរស ជាមន្ត្រីនគរបាលនៅនឹងកន្លែងកើតហេតុរហូតទៅដល់ជាង៤ម៉ោង ចាំធ្វើការដោះស្រាយតែពុំមានអ្នកណាម្នាក់ចេញមកឡើយ។
ដោយពេលដែលរង់ចាំពុំមានអ្នកណាម្នាក់ចេញមកធ្វើការដោះស្រាយនោះ កម្លាំងនគរបាលចរាចរណ៍ខណ្ឌចំការមន ក៏សម្រេចបញ្ជូនរថយន្តទាំងពីរគ្រឿងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាបន្តទៅទៀត៕
មតិយោបល់