បាត់ដំបងៈ ក្មេងស្រីអាយុ៤ឆ្នាំ ដែលកំពុងពេញស្រឡាញ់ម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ បានបើកមកបុកក្មេងស្រីរងគ្រោះដែលកំពុងដើរថ្មើរជើង យ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទី ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបូរី ង៉ិន វ៉ិត ក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុក សំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលត្រូវបានម៉ូតូបុកស្លាប់ខាងលើនេះមានឈ្មោះ រ៉ាត់ វ៉ាន់នី ភេទស្រី អាយុ៤ឆ្នាំ ស្នាក់នៅភូមិវាលវង់ ឃុំតាស្តា ស្រុក សំពៅលូន ខេត្តបាត់ដំបង។ ចំណែកអ្នកបើកបរម៉ូតូបង្កមានឈ្មោះ យ៉ែម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង (រងរបួសស្រាល) ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ បានបើកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មាន ស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូងក្នុងបុរី ង៉ិន វ៉ិត លុះបានមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅក្មេងស្រីរងគ្រោះដែលកំពុងដើរថ្មើជើងនៅលើដងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបុរសអ្នកបើកម៉ូតូ រួមនិងម៉ូតូ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយគ្នាជាមួយនឹងភាគីជនរងគ្រោះ ប៉ុន្តែដោយសារតែភាគីទាំងសងខាង រកដំណោះស្រាយមិនត្រូវរ៉ូវគ្នា ទើបរហូតមកទល់នឹងពេលនេះ សមត្ថកិច្ចបានសម្រេចបញ្ជូនសំណុំរឿងនិងជនសង្ស័យទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ រួចរាល់ហើយ។ ចំណែកសាកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់