កណ្តាលៈ ជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពទាក់ឆ្កែអ្នកភូមិរបស់ខ្លួនមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់ខ្លួនបានទាំង២នាក់ កាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំ ភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ជា ចាន់ថូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបេងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ វ៉ាត កុសល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិបេង ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះជាម្ចាស់ឆ្កែ មានឈ្មោះ ណែម ស៊ីម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរគ្រូបង្រៀន នៅភូមិឃុំកើតហេតុ។
ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន សត្វឆែ្កងាប់ ១ក្បាល ម៉ូត ២គ្រឿង រួមមានម៉ាកគុបសេ ៩០ គ្មានស្លាកលេខ ពណ៌ទឹកសមុទ្រ និងមួយគ្រឿងទៀតម៉ាក សង់កូរ៉េ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូ២គ្រឿង ទន្ទឹមគ្នាមកដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ ជា ចាន់ថូបានបោះសាច់១ដុំឲ្យឆែ្កស៊ី ក្រោយពីស៊ីរួចឆែ្កនោះក៏ប្រកាច់ងាប់ ប៉ុន្តែត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋឃើញទាន់ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង៕
មតិយោបល់