កាលពីពេលថ្មីៗនេះ ហាងកាហ្វេ Starbucks នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមបន្ថែមរសជាតិភេសជ្ជៈថ្មី ដែលមិនមែនជាកាហ្វេ គឺស្រាបៀរលាយកាហ្វេ មានឈ្មោះថា The Espresso Cloud IPA។ នេះបើយោងតាមគេហទំព័រ Inc ចេញផ្សាយកាលពីពេលថ្មីៗនេះ។
វាមិនមែនជាលើកដំបូងនោះទេ ដែល Starbucks លក់គ្រឿងស្រវឹងដូចជាស្រាបៀរ និងស្រា ជាមួយសាច់ ប៉ុន្តែវាជាលើកដំបូងហើយ ដែល Starbucks ចាប់ផ្តើមលក់ស្រាក្រឡុកលាយកាហ្វេនេះ។
Starbucks លក់គ្រឿងស្រវឹង សម្រាប់កម្មវិធីអាហារពេលល្ងាច នៅតាមជាង ៣០០សាខាមកហើយ ដែលមានទីតាំងក្នុងសហរដ្ឋអាមេរិក កាណាដា និងអង់គ្លេសតាំងពីឆ្នាំ ២០១០។
លោក Rossann Williams ប្រធានក្រុមហ៊ុន Starbucks កាណាដា បានលើកឡើងថា អតិថិជនជាច្រើនពេញចិត្តនឹងរសជាតិកាហ្វេ អតិថិជនជាច្រើននាក់ទៀតក៏ពេញចិត្តនឹងរសជាតិស្រា ហើយកាន់តែទាក់ទាញជាងនេះទៅទៀត គឺរសជាតិ និងក្លិនលាយបញ្ចូលគ្នានៃស្រាក្រឡុកលាយកាហ្វេ។
យ៉ាងណាមិញ នៅក្នុងរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក ក៏មានការប៉ះពាល់នឹងច្បាប់ស្តីពីសុរាផងដែរ ដែលតម្រូវឲ្យក្រុមហ៊ុនប្រឈមមុខដោះស្រាយ ដើម្បីទទួលបានការអនុញ្ញាតិ៕
មតិយោបល់