ភ្នំពេញៈ កម្ពុជាបញ្ជូនកងកម្លាំងចំនួន២១៦នាក់ ក្នុងនោះមាននារី៥នាក់ ដែលបានជ្រើសរើសពីស្ថាប័នចំណុះ ក្រសួងការពារជាតិ ទៅទៅបំពេញបេសកកម្មបម្រើសន្តិភាពក្រោមឆត្រអង្គការសហប្រជាជតិ (អ.ស.ប) នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល។
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានថ្លែងក្នុងឱកាសជូនដំណើរ កងវិស្វកម្មលេខ៤៥៩ ទៅប្ដូរវេនកងវិស្វកម្មលេខ៥៤៩ ដែលបានបញ្ចប់បេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល ហើយគ្រោងនឹងនិវត្តន៍មកកម្ពុជាវិញ នៅថ្ងៃទី៤ វិច្ឆិកាថា “កងវិស្វកម្មលេខ៤៥៩ ជាកងទី៣ ដែលទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល។ កងនេះមានចំនួន ២១៦នាក់ ក្នុងនោះមាននារី៥នាក់ ដែលបានជ្រើសរើសពីស្ថាប័នចំណុះ ក្រសួងការពារជាតិ”។
លោកបានបន្ថែមថា “ដោយសារ តំបន់ដែលកងកម្លាំងកម្ពុជា ទៅបំពេញបេសកកម្ម មានជួបប្រទះបញ្ហាជំងឺគ្រុនចាញ់ ដូចនេះ កងកម្លាំងវិស្វកម្មលេខ៤៥៩ សុទ្ធតែទទួលបានការពិនិត្យសុខភាព និងចាក់ថ្នាំបង្ការ ដូចបណ្ដាកងមុនៗ ព្រមទាំងបានបំពាក់បន្ថែមនូវឱសថ និងសម្ភារៈយោធបរិក្ខា គ្រឿងបន្លាស់មួយចំនួន ផងដែរ”។
អ្នកស្រី Marie Odile Emond តំណាងអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (អ.ស.ប) បានអះអាងថា ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកម្លាំង ចំនួន៣៩៦០នាក់ ក្នុងនោះមាននារី១៤៦នាក់ ទៅបំពេញបេសកកម្មរបស់ អ.ស.ប ហើយបានប្រែក្លាយជាប្រទេស បរិច្ចាគកម្លាំងជាប់ចំណាត់ថ្នាក់ទី៣ ក្នុងសហគមន៍អាស៊ាន។
លោក ប៉ុល សារឿន អគ្គមេបញញជាការនៃកងយោទ្ធពលខេមរភូមិន្ទមានប្រសាសន៍ថា សន្តិភាពគឺជាកត្តាចម្បងបំផុត ធ្វើឱ្យវិនិយោគទុនបរទេសជាច្រើនមករកស៊ីនៅកម្ពុជា និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមានការរីកចម្រើនជានិរន្តរ៍ និង បានលើកកម្រិតកម្ពស់ជីវភាពប្រជាជន។ កម្ពុជាមានលទ្ធភាពចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបញ្ជូនកងកម្លាំជំនាញលើគ្រប់វិស័យ និងបង្ហាញជំហរគាំទ្រចក្ខុវិស័យនៃកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងទស្សនទានសម្រាប់របៀបវារៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០៕
មតិយោបល់