ព័ត៌មានជាតិ

កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ គោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាន

ភ្នំពេញៈ ដើម្បីឱ្យការអភិវឌ្ឍន៍ប្រព្រឹត្តិទៅប្រកបដោយនីរន្តរភាព និងមានការចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ មិនប៉ះពាល់ដល់វិស័យបរិស្ថាន កាន់តែទូលំទូលាយ កម្ពុជាបានផ្តើមផ្តល់នូវចំណេះដឹង ចំណេះធ្វើជាសាធារណៈដល់ភាគីពាក់ព័ន្ធ ពិសេសសកម្មភាពរបស់មនុស្សពីការបំពុល និងបំផ្លាញបរិស្ថានទៅជាការស្រឡាញ់បរិស្ថាន តាមរយៈគោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។

នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការណ៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា» ក្រោមវត្តមានលោក យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រីសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ពិធីប្រកាសនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាលារៀនចំណេះដឹងទូទៅ ក្នុងប្រទេសកម្ពុជាឲ្យបានដឹងនិងយកគោលការណ៍ណែនាំនេះ ទៅអនុវត្តឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យសាលារៀនអាចចូលរួមបានច្រើន ក្នុងចលនាសាលាមេត្រីបរិស្ថាន ដោយក្នុងនោះក្រសួងបរិស្ថាន នឹងរៀបចំពានរង្វាន់សាលាមេត្រីបរិស្ថាន ដែលប្រកួតរៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមដំបូងនៅឆ្នាំ២០១៧ខាងមុខនេះ ហើយក៏ជាការលើកទឹកចិត្តដល់សាលារៀនរដ្ឋទាំងអស់ចូលរួមអនុវត្តគោលការណ៍ណែនាំសាលាមេត្រីបរិស្ថាន។

លោក យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា “ដើម្បីឱ្យការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តរភាព មិនប៉ះពាល់ដល់វិស័យបរិស្ថាន យើងត្រូវការការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសសាធារណជន ក្នុងការផ្តល់យោបល់នឹងសម្រេចចិត្ត ដូចនេះការយល់ដឹងពីសារៈប្រយោជន៍នៃធនធានធម្មជាតិ និងការឱ្យតម្លៃដល់តុល្យភាពរវាងការអភិវឌ្ឍន៍ និងការអភិរក្សដើម្បីនិរន្តរភាពបរិស្ថាន ពិតជាចាំបាច់ ព្រោះវាជាកម្លាំងចលករដ៏ចម្បងក្នុងការកែប្រែឥរិយាបថ ផ្នត់គំនិត និងសកម្មភាពរបស់មនុស្សពីការបំពុល និងបំផ្លាញបរិស្ថានទៅជាការស្រឡាញ់បរិស្ថានវិញ”៕

photo_2016-11-02_16-09-15photo_2016-11-02_16-09-13photo_2016-11-02_16-09-15-2

មតិយោបល់