ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកម្នាស់មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ទៅបុកជាមួយនឹងម៉ូតូធំ ម៉ាកUMពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូដួលបោកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៨-១៥៩ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលត្រូវបានរថយន្តបុកស្លាប់ខាងលើនេះមានឈ្មោះ ឈន ពៅ ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិស្នាអន្សា ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់(ជាអ្នកបើកម៉ូតូ)។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ម៉ា ពិសាល ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង(ឃាត់ខ្លួនបាន)។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាកគា ពណ៌ស ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 3B-1623ដឹកផ្លែម្នាស់ទុំលើរថយន្ត បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូធំម៉ាក UM ពណ៌ខ្មៅ គ្មានស្លាកលេខដែលកំពុងបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលឲ្យបុរសអ្នកបើកម៉ូតូ ដួលបោកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយក រថយន្តនិងម៉ូតូ រួមនិងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់