ព័ត៌មានជាតិ

ACU បញ្ជូនខ្លួនប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ឲ្យតុលាការចាត់ចែង

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនខ្លួនលោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងបុរសម្នាក់ជាបក្ខពួកមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីអំពើពុករលួយលក់ដីមន្ទីរ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា សំណុំរឿងពុករលួយរបស់លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងបក្ខពួកនេះ គឺស្ថិតក្រោយចំណាត់ការរបស់លោកតំណាងអយ្យការ ងិន ពេជ្រ ហើយពេលនេះ កំពុងពិនិត្យសំណុំរឿង និងសាកសួរជនសង្ស័យទាំងពីរនាក់។

គួររំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ស្តាប់ចម្លើយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ និងបានឃាត់ខ្លួនជនសង្ស័យរូបនេះ ជាមួយបក្ខពួកម្នាក់ទៀត បញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត៕

https://youtu.be/vU3WuxIeEbo

មតិយោបល់