ព័ត៌មានជាតិ

ភាគីពាក់ព័ន្ធនៅកម្ពុជា នាំគ្នាជំរុញការប្រតិបត្តិការកសិពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ: វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) រៀបចំឱ្យមានកិច្ចសន្ទនាពហុភាគី រយ:ពេល២ថ្ងៃគឺចាប់ពីថ្ងៃទី០២-០៣វិច្ឆិកា ដោយមានក្រុមមន្រ្តីមកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ វិស័យឯកជន វិស័យសាធារណ: អង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានានៅកម្ពុជាចូលរួម ដើម្បីពិភាក្សាកម្រិតខ្ពស់ស្តីពីកសិពាណិជ្ជកម្ម ធុរកិច្ច និងសិទ្ធិមនុស្ស ជំរុញការប្រតិបត្តិកសិពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា លើកឡើងថា “កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធ នេះនឹងផ្តល់ឱកាសឲ្យមានការជួបជុំគ្នានៃភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីភ្ជាប់ទំនាក់ទំងជាមួយភាគីពាក់ព័ន្ធនៅក្នុងវិស័យកសិពាណិជ្ជកម្ម ដោយចែករំលែកមេរៀន ភាពទទួលខុសត្រូវសង្គមរបស់សាជីវកម្ម  ជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុននានា និក៏ដូចជាបានយល់ដឹងថាតើកសិពាណិជ្ជកម្មចូលរួមយ៉ាងដូចម្តេច ដល់ការផ្តល់ភាពអង់អាចដល់ស្ត្រីមកពីសហគមន៍ផ្សេងៗ និងលើកស្ទួយ កសាងចំណេះដឹងរបស់អង្គការសង្គមស៊ីវិលអំពីកសិពាណិជ្ជកម្មផងដែរ”។

លោក តឹក វណ្ណារ៉ា បន្តថា NGO Forum បាននិងកំពុងធ្វើការដើម្បីសម្របសម្រួលអង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមក្នុងការជំរុញការប្រតិបត្តិការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម(CSR) ការគ្រប់គ្រងធនធានធម្មជាតិ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ លើវិស័យកសិកម្មរបស់ក្រុមហ៊ុនឯកជន កសិឧស្សាហកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហានានា សមាជិកបណ្តាញអភិវឌ្ឍន៍សន្តិសុខ និងសុវត្ថិភាពស្បៀងនូវកម្ពុជា (NDF-C) ចាំបាច់ត្រូវពង្រីកការរៀនសូត្រពីបណ្តាប្រទេសជឿនលឿនជិតខាង ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ បទពិសោធន៍ និងមេរៀនដែលបានទទួល ដើម្បីចែករំលែកជាមួយសហគមន៍។

ម្យ៉ាងទៀតបាននិងកំពុងជួយគម្រោងសំខាន់ៗដើម្បីជំរុញការប្រតិបត្តិការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម និងការវិនិយោគប្រកបដោយការទទួលខុសត្រូវលើវិស័យកសិកម្មនៅក្នុងក្រុមហ៊ុនឯកជន កសិឧស្សាហកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា ក្រោមក្របខ័ណ្ឌនៃគម្រោងជំរុញការទទួលខុសត្រូវសង្គមរបស់សាជីវកម្មនៅក្នុងកសិធុរកិច្ច: “GRAISEA (ការបំប្លែងយេនឌ័រ និងកសិ ពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវនៅអាស៊ីអគ្នេយ៍)” ដែលឧបត្ថម្ភមូលនិធិដោយរដ្ឋាភិបាលស៊ុយអែដ និងអង្គការអុកស្វាមនៅកម្ពុជា។

លោក ទី សុគន្ធ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ ថា រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើផ្នែកភាពទទួលខុសត្រូវសង្គម របស់សាជីវកម្ម ធុរកិច្ច និងសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដោយចាប់ផ្តើមពីសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មចិន ក្រុមហ៊ុនបរទេសនានានៅកម្ពុជា ដែលវិនិយោគលើវិស័យថាមពលអគ្គិសនី រ៉ែ ឧស្ម័ន និងប្រេង កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម និងវិស័យកសិកម្មនៅកម្ពុជា ដើម្បីបង្កើតគោលការណ៍រួមមួយដែល អាចអនុវត្តបានទាំងអស់គ្នាក្នុងការធានាការវិនិយោគនៅប្រទេសកម្ពុជាប្រកបដោយភាពយូរអង្វែង និង ប្រកបដោយគុណភាព ជាពិសេសគ្រប់ភាគីទាំងអស់ទទួលបានផលវិជ្ជមានពីការវិនិយោគ និងការអភិវឌ្ឍន៍នៅកម្ពុជា។

លោកមានជំនឿយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីការសន្ទនានាថ្ងៃនេះនឹងក្លាយជា វេទិកាគំរូ មួយសម្រាប់បង្ហាញផ្លូវទៅដល់ការរៀបចំកិច្ចពិភាក្សា ឬជំនួបបន្តបន្ទាប់ទៀតនាពេលខាងមុខ ដើម្បីពង្រឹងវិស័យកសិពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយ NGO Forum អង្គការFORUM SYD អង្គការការីតាសកម្ពុជា អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព បណ្តាញ សមាជិកបណ្តាញអភិវឌ្ឍន៍សន្តិសុខ និងសុវត្ថិភាពស្បៀងនូវកម្ពុជា (NDFC-42NGOs) និងវេទិកាជាតិស្តីពីការទទួលខុសត្រូវសង្គមរបស់សាជីវកម្មនៅកម្ពុជា៕

photo_2016-11-03_13-48-54

photo_2016-11-03_13-48-50

photo_2016-11-03_13-48-52-2

photo_2016-11-03_13-48-52

photo_2016-11-03_13-48-53

មតិយោបល់