បរទេសៈ ប្រសិនបើកូនរបស់អ្នកកើតមកមានបញ្ហាជើងកែក នេះបណ្តោលមកពីស្បូនរបស់អ្នកម្តាយតូចមិនមានកន្លែងធំទូលាយសម្រាប់ទារកលូតលាស់។ នេះជារឿងធម្មតាទេ ព្រោះវាអាចនឹងបាត់ទៅវិញនៅពេលដែលកុមារចាប់ផ្តើមរៀនដើរតេះតោះ ឬពួកគេមានអាយុមួយខួប។ ផ្ទុយទៅវិញ ប្រសិនបើបញ្ហាកែកជើងនៅតែបន្តអូសបន្លាយរហូតដល់ពួកគេមានអាយុ ៣ខួបហើយនៅតែមិនព្រមបាត់ទៀត ពួកគេអាចនឹងកែករហូត។
តើមូលហេតុអ្វីដែលបណ្តោលឲ្យកុមារមានបញ្ហាកែកជើង?
ហេតុផលធំបំផុត មកពីកុមារមិនបានទទួលសារធាតុចិញ្ចឹមគ្រាប់គ្រាន់, ខ្វះមីតាមីន និងមានជំងឺផ្សេងៗជាដើម។ ចំណែកឯកុមារខ្លះទៀតធ្លាប់មានប្រវត្តបាក់ឆ្អឹងពីមុនមក ហើយពុំបានទទួលការព្យាបាលឲ្យត្រឹមត្រូវ ទើបមានបញ្ហាកែកបន្ទាប់ពីជាសះស្បើយ។
តើធ្វើយ៉ាងណាទើបដឹងថា កូនរបស់អ្នកកែកជើង ឬក៏អត់?
គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែឲ្យពួកគេឈរដាក់ជើងទាំងពីរឲ្យស្មើគ្នា ប្រសិនបើជង្គង់ទាំងសងខាងមិនប៉ះគ្នានោះទេ បញ្ជាក់ថាជើងរបស់ពួកគេកែកហើយ។
បើអ្នកនៅតែមិនទុកចិត្ត ត្រូវនាំកុមារទៅធ្វើតេស្តឈាម ឬថត X-ray ដើម្បីឲ្យដឹងពីមូលហេតុជាក់លាក់ និងរកវិធីដោះស្រាយបានទាន់ពេល។
បើកុមារមានបញ្ហាកែកជើង តើត្រូវដោះស្រាយបែបណា?
ដើម្បីការពារបញ្ហាកែកជើង អ្នកត្រូវឲ្យកុមារទទួលទានអាហារដែលសម្បូរវីតាមីន D ឲ្យបានច្រើន ហើយឲ្យពួកគេស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមផងដែរ។
ប្រសិនបើកុមារមានបញ្ហាកែកជើងរួចទៅហើយ មានជម្រើសពីរយ៉ាងដែលអាចព្យាបាលឲ្យជាសះស្បើយបាន។
ទី១ គឺធ្វើការព្យាបាលដោយប្រើឧបករណ៍កៀបពត់ឆ្អឹង។
ទី២ គឺការវះកាត់ តែត្រូវអនុវត្តឲ្យបានមុនពេលដែលឆ្អឹងរបស់កុមារត្រូវឈប់លូតលាស់ បើមិនដូច្នោះគ្មានផ្លូវអាចកែប្រែបានឡើយ៕
មតិយោបល់