ព័ត៌មានជាតិ

កម្ពុជាស្នើឲ្យសាលាបារាំងចុងបូព៌ាបន្តជួយអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ

ភ្នំពេញៈ ក្នុងជំនួបរវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេសជាមួយលោកស្រី អេឡែន ការេ ដង់កូស (Helene carrere d’Encausse) លេខាធិកាអចិន្ត្រៃយ៍នៃបណ្ឌិតសភាបារាំង អមដោយលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសបារាំងទទួលបន្ទុក ICC អង្គរ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យសាលាបារាំងចុងបូព៌ាបន្តជួយអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ។

ក្រោយជំនួបលោក អ៊ុ សុកាន ជំនួយការលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងពីបញ្ហាអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយនៅក្នុងនោះកិច្ចពិភាក្សាជាមួយគណៈកម្មការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍអង្គរ (ICC) គណៈកម្មការបានជួយប្រាសាទខ្មែរជាច្រើន ហើយក្នុងនោះមានប្រាសាទបាពួន តាព្រហ្ម បាយ័នជាដើម ហើយក៏មានប្រទេសមួយចំនួនទៀត បានជួយជួសជុលប្រាសាទមួយចំនួនទៀតផងដែរ។

នៅទីចុងបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើឲ្យសាលាបារាំងចុងបូព៌ា បន្តជួយអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរតទៅទៀត ដោយសារតែសាលាបារាំងចុងបូព៌ាមានជំនាញខ្ពស់ខាងប្រាសាទបុរាណនេះ ហើយលោកស្រី អេឡែន ការេ ដង់កូស (Helene carrere d’Encausse) អះអាងថា នឹងយកសំណើនេះទៅដាក់ជូនថ្នាក់ដឹកនាំ ដើម្បីពិចារណា៕

photo_2016-11-03_15-19-43

មតិយោបល់