ព្រះសីហនុៈ រដ្ឋបាលក្រុងក្វាងស៊ីរបស់ចិន មានបំណងចងសម្ព័ន្ធភាពជាមួយរដ្ឋបាលខេត្ដព្រះសីហនុ និងនាំវិនិយោគិន ក្នុងការទំនាក់ទំនងពាណិជ្ជកម្មនៅខេត្ដព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។
នេះជាការលើកឡើងរបស់លោក Jin Xiangjun លេខាធិការគណៈកម្មាធិការការងារពិសោធន៍ជាតិសម្រាប់ការអភិវឌ្ឍន៍ក្រុងក្វាងស៊ី ឌុងស៊ីង នៃប្រទេសចិន នៅសាលាខេត្ដព្រះសីហនុ ក្នុងកិច្ចជំនួបសម្ដែងការគួរសម និងពិភាក្សាពាណិជ្ជកម្មនេះគឺបានធ្វើ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Jin Xiangjun បានបញ្ជាក់ទៀតថា គោលបំណងដែលមកធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុនាពេលនេះ មានគោលដៅ២គឺ ទី១ ចងសម្ព័ន្ធភាពរវាងរដ្ឋបាលក្រុងក្វាងស៊ី និងរដ្ឋបាលខេត្ដព្រះសីហនុ និងទី២ បង្កើតពាណិជ្ជកម្មឧស្សាហកម្មទេសចរណ៍។
ក្នុងឱកាសនេះដែរ លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ បានបញ្ជាក់ថា អ្នកវិនិយោគចិន នៅតែបន្ដមកវិនិយោគរកស៊ីលើឧស្សាហកម្មទេសចរណ៍នៅ ខេត្ដព្រះសីហនុ ដែលជាខេត្ដមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងមានសក្ដានុពលខ្លាំងខាងវិស័យឧស្សាហកម្មទេសចរណ៍ និងជាប់លំដាប់ទី៣ នៃខេត្ដប៉ូលសេដ្ឋកិច្ចបន្ទាប់ពី ខេត្ដសៀមរាប និងទីក្រុងភ្នំពេញ។
លោក អភិបាលខេត្ដ បានបន្ថែមទៀតថា ខេត្ដព្រះសីហនុ ជាខេត្ដមួយដែលមានសក្ដានុពលពាណិជ្ជកម្មសេដ្ឋកិច្ចទេសចរណ៍ និងការដឹកជញ្ជូនដ៏សម្បូរបែប មានដូចជា ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវទឹក(កំពង់ផែអន្ដរជាតិទឹកជ្រៅ) ផ្លូវអាកាស (ព្រលានយន្ដហោះអន្ដរជាតិ) តំបន់សេដ្ឋកិច្ចពិសេស ឆ្នេរស្អាត បរិស្ថានល្អ សុវត្ថិភាព និងសន្ដិសុខល្អ។
ខេត្ដព្រះសីហនុ មានបណ្ដាញគមនាគមន៍ដ៏សម្បូរបែប ផ្ទៃដីធំធេង និងកោះ មានចំនួន៣២ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ពាណិជ្ជករ វិនិយោគិនជាតិ-អន្ដរជាតិ ក្នុងការបោះទុនមករកស៊ីនៅខេត្ដដ៏ត្រកាលនេះ ដែលត្រូវបានហៅថា (តារារះនាទិសនិរតី)៕
មតិយោបល់