ព័ត៌មានជាតិ

បុរសម្នាក់ពាក់ព័ន្ធរឿងប្រើលិខិតក្លែង និងគំរាមកំហែងហែកកេរ្តិ៍តាមហ្វេសបុកត្រូវតុលាការកាត់ទោស

ភ្នំពេញ: នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចចេញដីកា ឃុំខ្លួនជនត្រូវចោទឈ្មោះ វ៉ាន់ លីឈិន ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសហើយ។

សូមបញ្ជាក់ថា លោក ខៀវ ផល្លា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ វ៉ាន់ លីឈិន អាយុ ២៤ឆ្នាំ បុគ្គលិកទីផ្សារបស់រោងចក្រស៊ីម៉ង់ដ៏ចក្រីទីង រស់នៅផ្ទះលេខ ៨៩D ផ្លូវលេខ ២១៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទ ប្រើប្រាស់លិខិតក្លែង បទ គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស និងបទ បរិហារកេរ្តិ៍ជាសាធារណ: យោងតាមមាត្រា ៣០៥ មាត្រា ៣៧៤ និងមាត្រា ៦២៨នៃក្រមព្រហ្មទណ្ឌ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទ បានសារភាព ថារូបគេជាអ្នកបង្ហោះវីដេអូ បរិហារកេរ្តិ៍ ក្រុមហ៊ុន ណឹម ម៉េង លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Ly Chhen ពិតប្រាកដមែន។ ជនត្រូវចោទនិយាយថា ករណីដែលខ្លួនបង្ហោះថា ក្រុមហ៊ុន ណឹម ម៉េង ជំពាក់ប្រាក់ខ្លួនជាង៧ពាន់ដុល្លារ ខ្លួនមិនមានវិក្កយបត្រច្បាប់ដើមទេ មានតែឯកសារកូពី។ ចំណែករឿងថា ក្រុមហ៊ុន ណឹម ម៉េង ជំពាក់ប្រាក់គេជាង២០ម៉ឺនដុល្លារនោះ គឺខ្លួនបានឭគេថាតៗគ្នា មិនមានភស្តុតាងនោះទេ។

សូមបញ្ជាក់ថា ដើមហេតុដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនត្រូវចោទឈ្មោះ វ៉ាន់ លីឈីន គឺកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ វ៉ាន់ លីឈិន បានយកវិក្កយបត្រថតចម្លងចំនួន៣សន្លឹកទៅទារប្រាក់ថ្លៃស៊ីម៉ង់ដ៏របស់ក្រុមហ៊ុនស៊ីម៉ង់ដ៏កម្ពុជាចក្រីទីង ពីក្រុមហ៊ុន ណឹម ម៉េង ដោយបានអះអាងថាក្រុមហ៊ុន ណឹម ម៉េងនៅជំពាក់ប្រាក់ចំនួន ៧,១៧៣ ដុល្លារ។ នៅពេលនោះខាងគណនេយ្យរបស់ក្រុមហ៊ុន ណឹម ម៉េងបានទាមទារឲ្យឈ្មោះ វ៉ាន់ លីឈិន យកវិក្កយបត្រច្បាប់ដើមមកបង្ហាញទើបអាចធ្វើការជាមួយគ្នាបាន ដោយហេតុថាក្រុមហ៊ុន ណឹម ម៉េង ទើបតែទូទាត់ថ្លៃស៊ីម៉ង់ដ៏ឲ្យក្រុមហ៊ុនរោងចក្រីទីងចំនួន ៩,៦៦២ដុល្លារ តាមមូលប្បទានប័ត្រលេខ ១៩៣០៧៨ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ របស់ធនាគារភ្នំពេញពាណិជ្ជ ។ ប៉ុន្តែឈ្មោះ វ៉ាន់ លីឈិន នៅតែព្យាយាមយកវិក្កយបត្រថតចម្លងមកទារប្រាក់ និងទូរស័ព្ទមកច្រើនដងដោយបានគំរាមថា ប្រសិនបើមិនព្រមប្រគល់ប្រាក់តាមការទាមទារខ្លួនទេនោះ រូបគេនឹងបង្ហោះ ហ្វេសប៊ុកផ្ទាល់ខ្លួន និងឲ្យមិត្តភក្តិទាំងអស់ជួយបង្ហោះហ្វេសប៊ុក Tag និងShare ដាក់ចូល ទំព័រហ្វេសប៊ុកសម្តេចតេជោ ទំព័រហ្វេសប៊ុកវិទ្យុ ABC និងផ្សាយតាមវិទ្យុABC ឲ្យគេដឹងទូទាំងប្រទេសកម្ពុជា ថែមទៀតផង។

ក្រោយមក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ឈ្មោះ វ៉ាន់ លីឈិន បានបង្ហោះសារជាអក្សរ និងវីដេអូតាមរយ:គណនីឈ្មោះ Ly chhEn នៅលើបណ្ដាញសង្គមហ្វេសបុកដោយបរិហាកេរ្តិ៍លោកឧកញ៉ា ណឹម ម៉េង ព្រមទាំងដាក់លេខទូរសព្ទ និងនាមប័ណ្ណក្រុមហ៊ុន ណឹម ម៉េង ផងដែរ។

ដោយសារតែជនត្រូវចោទបានធ្វើសកម្មភាពបំពានច្បាប់បែបនេះម្តងហើយម្តងទៀតទើប ក្រុមហ៊ុន ណឺម ម៉េង បានសម្រេចប្រគល់សិទ្ធិឲ្យលោកមេធាវី លឹម វណ្ណា ប្ដឹងឈ្មោះ វ៉ាន់ លីឈិន តាមផ្លូវច្បាប់ ព្រោះទង្វើបស់ឈ្មោះ វ៉ាន់ លីឈិន មានចេតនាទុច្ចរិត គំរាមកំហែង ទារប្រាក់ ទម្លាក់កំហុស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ ។

ប្រភពព័ត៌មានបានបន្តឲ្យដឹងថា នៅក្នុងពាក្យបណ្ដឹងរបស់លោកមេធាវី លឹម វណ្ណា មេធាវីតំណាងរបស់ក្រុមហ៊ុន ណឹម ម៉េង បានទាមទារជំងឺចិត្តពីជនត្រូវចោទជាប្រាក់ចំនួន១០ម៉ឺនដុល្លារ និងសុំឲ្យតុលាការចាត់ការតាមផ្លូវច្បាប់៕

ជនជាប់ចោទ

ជនជាប់ចោទ

មតិយោបល់