សៀមរាបៈ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានរៀបចំពិធីផ្សព្វផ្សាយ ស្តីពីការធ្វើសម្រង់ព័ត៌មានបញ្ហាបទល្មើស និងសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន។
ពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ក័ន្ត សម្បត្តិ ស្នងការរង ជាប្រធានសេនាធិការ ជាតំណាងលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងអស់លោកអធិការ អធិការរងទទួលបន្ទុកកិច្ចការប៉ុស្តិ៍ទាំង១២ក្រុង-ស្រុក លោកនាយ នាយរង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានអញ្ជើញចូលរួមជាសិក្ខាកាមផងដែរ។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ត្រី ក័ន្ត សម្បត្តិ ស្នងការរងបានធ្វើការណែនាំ ដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ស្តាប់ការពន្យល់នូវទ្រឹស្ដីរបស់គ្រូឧទ្ទិសនាម ហើយត្រូវហ៊ានក្លាហានសួរសំណួរ ដែលទាក់ទងទៅនឹងវគ្គផ្សព្វផ្សាយខាងលើនេះ ដើម្បីជាទុនមួយសម្រាប់យើងទាំងអស់គ្នាយកទៅអនុវត្ត និងបំពេញភារកិច្ចជំនាញឲ្យបានត្រឹមត្រូវ ហើយចំគោលដៅនៅពេលដែលយើងទាំងអស់គ្នា ត្រឡប់ទៅអង្គភាព ឬមូលដ្ឋានវិញ ហើយលោកឧត្តមសេនីយ៍ស្នងការរងបានប្រកាសបើកវគ្គផ្សព្វផ្សាយចាប់ពីពេលនេះតទៅ។
លោកវរសេនីយ៍ឯក អ៊ុ ហ៊ាង នាយការិយាល័យនគរបាលកិច្ចការប៉ុស្តិ៍ នគរបាលរដ្ឋបាលខេត្តសៀមរាប បានឡើងអានសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីលើកកម្ពស់តួនាទីរបស់ប៉ុស្តិ៍នគរបាល ឲ្យចូលរួមសកម្មក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាលកម្ពុជា អនុវត្តគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ លើកទី២ របស់នគរបាលជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកអនុសេនីយ៍ឯក ហ៊ន បូវុធ នាយរងការិយាល័យនគរបាលកិច្ចការប៉ុស្តិ៍ បានឡើងធ្វើបទបង្ហាញស្តីពីការបញ្ចូលទិន្នន័យក្នុងតារាងគម្រូទាំង៤ ដោយលោកបានបញ្ជាក់លម្អិតទៅតាមតារាងនីមួយៗ ក្នុងនោះ អស់លោក លោកស្រី បានសួរសំណួរមួយចំនួន ទាក់ទងនឹងការបញ្ចូល ទិន្នន័យក្នុងតារាងគម្រូទាំង៤ខាងលើ ក្នុងនោះគ្រូឧទ្ទិសនាម និងអ្នកស្រីតំណាងអង្គការ CPI បានធ្វើការបកស្រាយរាល់ចម្ងល់ ឬសំណួរ បានយ៉ាងក្បោះក្បាយ ជូនអស់លោក លោកស្រី ដើម្បីជាប្រយោជន៍រួម សំរាប់យកទៅអនុវត្តន៍ នៅក្នុងអង្គភាព ឬមូលដ្ឋានវិញប្រកបទៅដោយប្រសិទ្ធភាពខ្ពស់៕
មតិយោបល់