សៀមរាបៈ ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៥នាក់ និងម្នាក់បញ្ជូនទៅមណ្ឌលកែប្រែ។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន មានការចូលរួមពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាពិសេសនគរបាលផ្នែកព្រហ្មទណ្ឌ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក បានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត ពីការប្រើប្រាស់ វិធានការរដ្ឋបាលចំហ ក្នុងភូមិសាស្ត្រស្មុគស្មាញ នៅចំណុចភូមិវាល និងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ជាលទ្ធផល នៅក្នុងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតវត្ថុតាងមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក បានបន្ដថា ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ ទី១.ឈ្មោះ ថឹក ស្រីណយ ភេទស្រី អាយុ១៥ឆ្នាំ ស្រុកកំណើតភូមិទឹកថ្លា ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទី២.ឈ្មោះ វុធ រ៉ូនី ភេទប្រុស អាយុ ២២ឆ្នាំ ស្រុកកំណើតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទី៣.ឈ្មោះ វឹង វត ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើត ភូមិកន្សែងលើ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នរស់នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ពាក់ពន្ធ័ករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទី៤.ឈ្មោះ អួន សុវណ្ណរតនា ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទី៥.ឈ្មោះ បូរ៉ា ផាន់បូលី ហៅលុច ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
និងទី៦.ឈ្មោះ លី តា ភេទស្រី អាយុ ២៥ឆ្នាំ ស្រុកកំណើត ភូមិ-ឃុំ ដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ចំណែកឯវត្ថុតាងដែលដកហូតបាន រួមមាន ថ្នាំញៀនក្រាមពណ៌ស ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)១កញ្ចប់តូច ស្មើនឹងទម្ងន់០.១ក្រាម ឧបករណ៍ប្រើប្រាស់សម្ភារៈ វិចខ្ចប់មួយចំនួន និងទូរសព្ទដៃចំនួន៤គ្រឿង។
យោងតាមលទ្ធផលធ្វើតេស្ត រកសារធាតុញៀន និងចម្លើយសារភាពរបស់ជនសង្ស័យទាំង៦នាក់ សមត្ថកិច្ចបានសម្រេចបញ្ជូនទៅមណ្ឌលកែប្រែម្នាក់ និង៥នាក់ទៀតរៀបចំកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់