ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរនូវសារធាតុញៀនមួយកន្លែង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា ដោយយោងតាមស្មារតីអនុវត្តយ៉ាងម៉ើងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានៅក្នុងអង្គប្រជុំកាលពីប៉ុន្មានថ្ងៃមុនថា ឲ្យអធិការខណ្ឌទាំង១២ យកចិត្តទុកដាក់បង្ក្រាបនៅបទល្មើសឲ្យខានតែបាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាទប់ស្កាត់នៅបទល្មើសដូចជា ឆក់ ប្លន់ លួច គាស់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ និងករណីជួញដូរគ្រឿងញៀនផងដែរ។
លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ គឺសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវអស់រយៈពេលជាង១ខែកន្លះ ទើបតែថ្ងៃនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនបានស្ត្រីម្នាក់ដែលកំពុងតែដើរមកឈរលក់ថ្នាំឲ្យជនសង្ស័យម្នាក់នៅមុខផ្ទះសំណាក់យីហោ «បឹងកម្សាន្ត» ដែលស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ហើយសមត្ថកិច្ចយើងបានបន្តទៅធ្វើការឆែកឆេរទីតាំងផ្ទះជួល ដែលនៅក្បែរនោះ ដោយបានឆែកឆេររកឃើញថ្នាំញៀនចំនួន៣៣៨កញ្ចប់តូច ព្រមទាំងថ្នាំញៀន៤កញ្ចប់ធំ បានដកហូតឧបករណ៍ប្រើប្រាស់មួយចំនួនដូចជា ប្រដាប់ច្រកដាក់ថ្នាំញៀនលក់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង និងប្រាក់មួយចំនួន ដោយនៅក្នុងប្រតិបតិ្តការនេះ ត្រូវបានបិទបញ្ចប់កាលពីវេលាម៉ោង៣រសៀលនេះ។
លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ អ៊ួង ចាន់នី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកហាងទន្លេសាប ទី២.ឈ្មោះ ស្មាន រ៉ូនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកហាងបារាំង ទី៣.ឈ្មោះ សុខ ណារី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ នៅផ្ទះ និងទី៤.ឈ្មោះ អ៊ួង ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ៤នាក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/fMjXNcdXbf8
មតិយោបល់