ព័ត៌មានជាតិ

មេធាវី ជូង ជូងីៈ ការចាប់ខ្លួនលោក ហុង សុខហួរ ជាអំពើខុសច្បាប់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក ហុង សុខហួរ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការកំពូលថា ការចាប់ខ្លួនកូនក្តីលោកពីសំណាក់សមត្ថកិច្ចជាអំពើខុសច្បាប់ វាជាអំពើខុសច្បាប់ ដោយលោកបានផ្តល់អំណះអំណាងថា សមត្ថកិច្ចបានចាប់ខ្លួនកូនក្តីលោកមុនពេលសំណុំរឿងមាននៅតុលាការ ដោយសំអាងថា ការចាប់ខ្លួននោះដោយសារតែជាបទល្មើសជាក់ស្តែង។ មេធាវីរូបនេះបានអះអាងថា សម្រាប់លោក ករណីលោក ហុង សុខហួរ វាមិនមែនជាបទល្មើសជាក់នោះទេ ព្រោះវាមិនគោរពតាមលក្ខខណ្ឌដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌអំពីបទល្មើសជាក់ស្តែង។

លោក ជូង ជូងី បានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ តុលាការកំពូលធ្វើការជំនុំជម្រះកូនក្តីលោកលើ២ករណី ដោយករណី៖

-ទី១ កូនក្តីលោកបានប្តឹងប្រឆាំងទៅនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងក្រុងភ្នំពេញ ដែលកូនក្តីលោកចាត់ទុកថា ជាការសម្រេចខុសច្បាប់។

– ទី២ កូនក្តីលោកប្តឹងប្រឆាំងចំពោះសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងប្រកាសសាលក្រមចាត់របៀបតម្រូវឱ្យកូនក្តីលោកផ្តល់កុំព្យូទ័រដែលប្រើប្រាស់ក្នុងការស្រាវជ្រាវ និងបង្ហោះផែនទីប្រទេសកម្ពុជាក្នុងពេលកន្លងទៅ។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ការលើកឡើងរបស់មេធាវីការពារសិទ្ធិលោក ហុង សុខហួរ វាជាសិទ្ធិរបស់មេធាវីក្នុងការផ្តល់អំណះអំណាងដើម្បីការពារប្រយោជន៍កូនក្តី ប៉ុន្តែចំពោះស្ថាប័នមានសមត្ថកិច្ច គឺបានអនុវត្តន៍តាមច្បាប់ដែលមានចែងជាធរមាន ដែលបានបញ្ជាក់ថា លោក ហុង សុខហួរ ពិតជាបានប្រព្រឹត្តបទល្មើសជាក់ស្តែងយោងតាមមាត្រា ៨៦ មាត្រា៨៧ និងមាត្រា ១០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដូច្នេះប្រសិនបើលោក ហុង សុខហួរ និងមេធាវីការពារសិទ្ធិយល់ឃើញថា ការអនុវត្តរបស់សមត្ថកិច្ចមិនមានយុត្តិធម៌ គឺពួកគាត់មានសិទ្ធិតតាំងតាមផ្លូវតុលាការបាន ដើម្បីឲ្យតុលាការរកយុត្តិធម៌ ដោយឡែកចំពោះការសម្រេចរបស់តុលាការយ៉ាងណានោះ វាជាឆន្ទានុសិទ្ធិរបស់តុលាការ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ត្រូវបានលោក សឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាចៅក្រមក្រមជំនុំជម្រះ បើកសវនាការ ជំនុំជម្រះលើ២ករណីដូចលើកឡើងខាងលើរបស់លោកមេធាវី ជូង ជូងី។

នៅក្នុងសវនាការលោក ហុង សុខហួរ បានថ្លែងថា ដោយសារតែករណីនេះយូរហើយតាំងពីអំឡុងឆ្នាំ២០០៧មកម្ល៉េះ ដូច្នេះលោកមិនអាចរកកុំព្យូទ័រនេះជូនតុលាការបានទេ។ សមាជិកព្រឹទ្ធសភារូបនេះក៏បានស្នើឲ្យតុលាការកំពូលសម្រេចដោះលែងលោកឲ្យមានសេរីភាពឡើងវិញ ព្រោះលោកមានអភ័យឯកសិទ្ធិ។

គួរបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានតុលាការសាលាដំបូងក្រុងភ្នំពេញ សម្រេចប្រកាន់ពីបទក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលយោងតាមមាត្រា ៦២៩ មាត្រា ៦៣០ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណគការក្លែងសន្ធិសញ្ញា ព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩ ត្រង់ មាត្រា ៤ និងយក ឯកសារក្លែងនោះទៅបង្ហោះលើទំព័រហ្វេ ស ប៊ុ ក របស់ លោក សម រង្ស៊ី។

ដោយឡែកលោក សម រង្ស៊ី ប្រធានគណៈបក្សសង្គ្រោះជាតិក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិត ជាមួយលោក ហុង សុខហួរក្នុងសំណុំរឿងនេះផងដែរ។

ក្រោយសាកសួរដេញដោល សំណុំរឿងមួយនេះត្រូវបានតុលាការ កំពូលសម្រេចលើកពេលទៅប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះវិញ៕

photo_2016-06-08_16-47-16photo_2016-06-08_16-47-19

មតិយោបល់